(ភ្នំពេញ)៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឱ្យ រដ្ឋាភិបាលម៉ាឡេស៊ី ជួយការពារដល់ពលករខ្មែរ ដែលធ្វើការ និងរស់នៅក្នុងប្រទេសម៉ាឡេស៊ី។
ការលើកឡើងរបស់សម្តេច សាយ ឈុំ បានធ្វើឡើងនៅក្នុងជំនួបជាមួយ លោក Dato' Sri Hasan Malek ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅវិមានព្រឹទ្ធសភា។
ក្រៅពីសំណូមពរលោកឯកអគ្គរាជទូត មេត្តាពាំនាំជូនអាជ្ញាធរម៉ាឡេស៊ី ជួយការពារពលករកម្ពុជា ដែលកំពុងរស់នៅ និងបំពេញការងារស្របច្បាប់ ក្នុងប្រទេសម៉ាឡេស៊ី សម្តេចវិបុលសេនាភក្តី សាយ ឃុំ ក៏បានស្នើឱ្យម៉ាឡេស៊ី បន្តផ្តល់អាហារូបករណ៍ ដល់និស្សិត និងមន្ត្រី រាជការកម្ពុជាផងដែរ។
ជាមួយគ្នានេះសម្តេចក៏បានស្នើសុំអគ្គរាជទូតជួយជំរុញផ្សព្វផ្សាយ អំពីសក្តានុពលសេដ្ឋកិច្ចកម្ពុជាដល់វិនិយោគិន និងភ្ញៀវទេសចរម៉ាឡេស៊ី មកវិនិយោគទុន និងទស្សនានៅកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត។
លោក Dato' Sri Hasan Malek ឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា។ លោកថា ចាប់តាំងពីលោក បានមកបំពេញបេសកកម្មការទូតនៅកម្ពុជា លោកបានវាយតម្លៃពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជ រដ្ឋាភិបាលកម្ពុជា ដែលមានសន្តិភាព ស្ថិរភាព និងសន្តិសុខពេញលេញ៕