(តាកែវ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យការស្តារផ្លូវក្រាលក្រួសសមួយខ្សែប្រវែង ២ ២៧០ ម៉ែត្រ និងបានជួយឈូសឆាយកៀរសម្រួលផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងចំនួន៣ខ្សែ ក្នុងឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ ប្រវែងសរុប ១ ៩០០ម៉ែត្រ។

លោករដ្ឋមន្ត្រីបានជម្រាបជូនប្រជាពលរដ្ឋអំពីគោលនយោបាយ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីសម្រេចឱ្យបានចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំបំពេញបេសកកម្មយ៉ាងសកម្ម ធ្វើយ៉ាងណាឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនគឺ “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាប័ន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌”។

លោករដ្ឋមន្រ្ដីក៏បានជម្រាបជូនអំពីយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យតាមគ្រួសារ, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ, និងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដែលមានគោដៅរួម គឺលើកកម្រិតកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងរស់នៅក្នុងភាពសុខដុមរម្យនា។

លោករដ្ឋមន្រ្ដីបានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដូចខាងក្រោមនេះ៖

១-ត្រូវថែរក្សាសុខសន្តិភាពជាចំបង បើមានសន្តិភាព យើងមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន ដូចបច្ចុប្បន្ន ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិក​ និងត្រូវបានបន្តវេនដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី។

២- ជួយថែរក្សាសមិទ្ធផលនានាដែលមានស្រាប់របស់រាជរដ្ឋាភិបាលចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពជាប្រចាំ។

៣- សូមជួយគាំទ្រគោលនយោបាយ និងយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល។

៤- ត្រូវឧស្សាហ៍ព្យាយាម កែប្រែឥរិយាបថនិងទម្លាប់ អនាម័យល្អ ដោយប្រកាន់ខ្ជាប់នូវអនាម័យស្អាតជាប្រចាំ តាមរយៈការបរិភោគទឹក និងបន្ទោរបង់ក្នុងបង្គន់អនាម័យ។

៥-ត្រូវបន្តរក្សាសាមគ្គីភាព ចេះជួយគ្នា និងសហការចូលរួមធ្វើជាម្ចាស់ក្នុងការថែរក្សាសមិទ្ធផលដែលមានស្រាប់ឱ្យបានគង់វង់។

ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋសុំឱ្យជួយសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង ២ ២០០ម៉ែត្រ នៅឃុំត្រឡាច លោករដ្ឋមន្រ្ដីបានទទួលយកសំណើនេះ ។

បន្ទាប់មក លោក ឆាយ ប្ញទ្ធិសែន និងប្រតិភូអមដំណើរ បានពិនិត្យការដ្ឋានសាងសង់ផ្លូវ​ ក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ក្នុងគម្រោងកែលម្អផ្លូវជនបទ ជំហានទី ៣ ចំនួន ២ខ្សែ ប្រវែងសរុប ២០,៧៧០គីឡូម៉ែត្រ នៅស្រុកកោះអណ្ដែត និងពិនិត្យស្ថានភាពផ្លូវខូចដោយសារជំនន់ទឹកភ្លៀងចំនួន ១ខ្សែ ប្រវែង ២២គីឡូម៉ែត្រ ដែលភ្ជាប់ចំនួន ៥ឃុំ នៅស្រុកកោះអណ្ដែត ខេត្តតាកែវ ផងដែរ ដើម្បីស្ដារឡើងវិញ៕