(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមបុណ្យពុទ្ធាភិសេក ព្រះពុទ្ធរូប ១៦៨អង្គ និងកាត់ខ្សែបូរសម្ពោធឆ្លងសមិទ្ធផលនានា នៅរមណីយដ្ឋានវប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្ត្រ «ភ្នំនាគស ឬល្អាងព្រះនាងរំសាយសក់» ដែលមានតម្លៃជាង ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

កម្មវិធីនេះប្រារព្ធធ្វើរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩-៣០ ខែធ្នូ ឆ្នាំ២០២៣ ដោយមានពិធីក្រុងពាលី និងសែនបែបសាសនាជីវចល សូត្រពិស្តារ និមន្តព្រះសង្ឃធ្វើពិធីពុទ្ធាភិសេកព្រះពុទ្ធរូប ១៦៨អង្គ និងមានរាប់បាត្រ ប្រគេនព្រះសង្ឃ ចំនួន៥៣អង្គ ដែលនិមន្តមកពីបណ្តាវត្ត ក្នុងឃុំអន្សាចំបក់ ស្រុកក្រគរផងដែរ។

បើតាមលោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំអន្សាចំបក់ ស្រុកក្រគរ និងឃុំស្រែស្តុក ស្រុកកណ្តៀង និងជាស្ថាបនិកទីតាំងនេះផ្ទាល់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា រមណីយដ្ឋានភ្នំនាគស ឬល្អាងព្រះនាងរំសាយសក់ គឺជារមណីយដ្ឋានមួយ ក្នុងចំណោមរមណីយដ្ឋានជាច្រើនទៀត ក្នុងខេត្តពោធិ៍សាត់ ដែលមានទេសភាពស្រស់ត្រកាល គួរជាទីគយគន់។

លោកបានបន្តថា រមណីយដ្ឋានភ្នំនាគស ក៏ជារមណីយដ្ឋានវប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្ត្រមួយ ដែលបានផ្ដួចផ្ដើមកសាងឡើង ដោយរូបលោកផ្ទាល់ ក្រោមការជួយជ្រោមជ្រែង ពីលោក កែវ រតនៈ ពិសេសមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អភិបាលខេត្តគ្រប់ជំនាន់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយហេតុថា ការបង្កើតរមណីយដ្ឋាននេះឡើង គឺបានជួយការពារព្រៃឈើ ធម្មជាតិ និងសត្វព្រៃឱ្យនៅគង់វង្ស ទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ពីសំណាក់ជនខិលខូចមួយចំនួន។

លោក អេង គន្ធា បានបន្ថែមថា ក្នុងរយៈពេលជិត០៤ឆ្នាំមកនេះ លោកបានចំណាយថវិកា សរុបរួមប្រមាណជិត៤លានដុល្លារ ដែលបានមកតាមរយៈការគៀងគរពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន រួមទាំងថវិកាបដិភាគរបស់លោកផ្ទាល់ ដើម្បីធ្វើការអភិវឌ្ឍន៍តំបន់នេះ ក្នុងន័យទាក់ទាញភ្ញៀវទេសចរ និងផ្តល់កន្លែងដើរលេងកម្សាន្ត លំហែអារម្មណ៍បែបធម្មជាតិ ដោយឥតគិតថ្លៃ អាចឱ្យប្រជាពលរដ្ឋបានសិក្សាស្វែងយល់អំពីវប្បធម៌ ប្រវត្តិសាស្ត្រ ដែលមាននៅទីតាំងនេះ។

លោក អេង គន្ធា បានគូសបញ្ជាក់ថា សមិទ្ធផលដែលមានក្នុងរមណីយដ្ឋាននេះរួមមាន ប៉មទស្សនារូបភាព៣៦០ដឺក្រេ ទំនប់បង្ហៀរ ចម្លាក់ព្រះពុទ្ធរូប រូបអ្នកមានបារមី រូបសំណាកលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ រូបសំណាកព្រះនាងរំសាយសក់ រូបសំណាកសត្វ ផ្លូវបេតុង កន្លែងអង្គុយលេងកំសាន្ត កន្លែងបាញ់ទឹក រូបព្រះអង្គតូច ព្រះអង្គធំ បាតដៃព្រះ ទីលានយន្ដហោះ ផែនទីពិភពលោក និងផ្ទាំងថ្មតូចធំ សួនផ្កាចម្រុះពណ៌ ដែលមានម្លប់ដើមឈើត្រឈឹងត្រឈៃ លំអរដោយភ្លើងអគ្គីសនី ភ្លើងសូឡា។

លោកបានបញ្ជាក់បន្ថែមថា សម្រាប់សមិទ្ធផលថ្មី ដែលត្រូវសម្ពោធឆ្លងនាពេលនេះ គឺមានតម្លៃប្រមាណជិត៣០ម៉ឺនដុល្លារ រួមមានផ្ទះសាងស្នេហ៍ សួនផ្កាទឹករាំ ព្រះពុទ្ធរូបចំនួន១៦៨អង្គ រូបសំណាកព្រះគោ ព្រះកែវ រូបសំណាកគូរស្នេហ៍ ចាស់ព្រឹទ្ធាចារ្យ និងរូបសំណាកសត្វកម្រ ដែលជិតផុតពូជមួយចំនួនទៀត។ អ្វីៗដែលកើតមានសព្វថ្ងៃនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ដូច្នេះហើយយើងត្រូវរួមគ្នាថែរក្សាសន្ដិភាព ឱ្យនៅគង់វង្សជារៀងរហូតតរៀងទៅ។

ជាមួយគ្នានោះ លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមចូលរួមទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ក្នុងឱកាសទិវាចូលឆ្នាំសាកល២០២៣ ឈានចូល២០២៤ និងខួបលើកទី៤៥ នៃទិវាជាតិជ័យជំនះ ៧ មករា ខាងមុខនេះផងដែរ៕