(ភ្នំពេញ)៖ ក្រុមការងារយុវជនប្រចាំទ្វីបអឺរ៉ុប ដឹកនាំដោយ លោក ហួត ហាក់ តំណាងលោក ហ៊ុន ម៉ាណែត និងក្រុមសហគមន៍ឱសថការីខ្មែរ-បារាំង GFC Phama ព្រមទាំងសហការី នៅរសៀលថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៦ នាំយកថវិកា៩២,៦២២ដុល្លារ ដែលប្រមូលបានពីសប្បុរសជន ក្នុងរាត្រីសមោស Rendez-Vous Night ប្រគល់ជូនមូលនិធិគន្ធបុប្ផា តាមរយៈលោកវេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យ តំណាងលោក Beat RICHNER ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ ក្រុមការងារយុវជនប្រចាំទ្វីបអឺរ៉ុប សហការជាមួយក្រុមសហគមន៏ឱសថការីខ្មែរ-បារាំង GFC Phama បានរៀបចំរាត្រីសមោស Rendez-Vous Night នៅសណ្ឋារគារសុខាភ្នំពេញ ក្រោមវត្តមាន លោកស្រី ពុំ ចន្ទីនី តំណាង សម្ដេចគត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និងលោក ហ៊ុន ម៉ាណែត ប្រធានក្រុមយុវជនក្រៅប្រទេស។ នៅក្នុងនោះដែរ គេសង្កេតឃើញមានការអញ្ជើញចូលរួម ពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ៦០៩នាក់ ទៀតផង។
គួររំលឹកថា ជាមួយនឹងរាត្រីសមោស នៃមហាគ្រួសារខ្មែរតែមួយRendez-Vous Night បានកើតចេញ ពីការជួបជុំសំណេះសំណាល ពិភាក្សាគ្នារវាងក្រុមការងារយុវជនប្រចាំទ្វីបអឺរ៉ុប ដឹកនាំដោយលោក ហ៊ុន ម៉ាណែត នៅទីក្រុង Paris ប្រទេសបារាំងកាលពីខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅ ដើម្បីបង្ហាញពីភាតរភាព និងសាមគ្គីភាពរវាងបងប្អូន ប្រជាជនខ្មែរ យុវជនខ្មែរដែលរស់នៅក្នុងប្រទេស ក្រៅប្រទេស និងការរួបរួមគ្នាដើម្បីផលប្រយោជន៍ មហាគ្រួសារខ្មែរតែមួយ។
ជាលទ្ធផល តាមរយៈក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប ក្រុមសហគមន៏ឱសថការីខ្មែរ-បារាំង GFC Phama បានឧបត្ថម្ភ អង្ករ២០តោន ជូនដល់កាកបាទក្រហមកម្ពុជា, ថវិកា១ម៉ឺនដុល្លារ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេចតេជោ TYDA និងបាននាំយកថវិកាពីសប្បុរសជន៩២,៦២២ដុល្លារ ជូនមូលនិធិមន្ទីរពេទ្យ គន្ធបុប្ផា ថែមទៀតផង៕