(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ បានឆ្លើយតបទៅនឹងការលើកឡើងរបស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចា (Camboja) ថាសេរីភាពសារព័ត៌មានមិនឋិតនៅលើការនិយាយរបស់អ្នកណា ឬក្រុមណាមួយនោះទេ ជាពិសេស សកម្មភាពទាំងឡាយណាដែលមានចរិក និងរបៀបវារៈនយោបាយ។

អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ បានបញ្ជាក់ថា សិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិក្នុងការបញ្ចេញមតិនិងទទួលបានព័ត៌មាននៅកម្ពុជាត្រូវបានលើកកម្ពស់ដោយរាជរដ្ឋាភិបាលពីអាណត្តិមួយទៅអាណត្តិមួយជារៀងរហូតមក ជាពិសេសក្នុងអាណត្តិទី៧នេះតែម្តង។

លោក ទេព អស្នារិទ្ធ បានថ្លែងថា ផ្ទុយពីអ្វីដែល (Camboja) លើកឡើង អ្នកសារព័ត៌មានទាំងអស់ មានសេរីភាពពេញលេញក្នុងការប្រកបអាជីពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងអនុវត្តសកម្មភាពការងារបានដោយគ្មានការរំខានឡើយ ទោះក្នុងទម្រង់ណាក៏ដោយ។ ដូច្នេះ អ្នកសារព័ត៌មានបាននឹងកំពុងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងពេញលេញ និងយ៉ាងសកម្មពីគ្រប់ទិសទី នៅទូទាំងប្រទេសកម្ពុជា ក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ឬធ្វើសេចក្ដីរាយការណ៍ព័ត៌មានរបស់ខ្លួនដោយសេរី គ្រប់ពេលវេលា និងប្រកបដោយសុវត្ថិភាព។

ជាមួយគ្នានេះដែរ លោក ទេព អស្នារិទ្ធ ក៏សូមអរគុណដល់បងប្អូនអ្នកសារព័ត៌មានដែលកន្លងមកបានអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានបានល្អ និងបានប្រកបការងារដោយមិនបំពានលើសតួនាទីខ្លួនជាអ្នកសារព័ត៌មាន មិនបំពានលើសិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងបានគោរពកាតព្វកិច្ចរបស់ខ្លួនក្នុងដែនដែលច្បាប់បានកំណត់»។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សេរីភាពសារព័ត៌មានមិនឋិតនៅលើការនិយាយរបស់អ្នកណា ឬក្រុមណាមួយនោះទេ ជាពិសេស សកម្មភាពទាំងឡាយណាដែលមានចរិក និងរបៀបវារៈនយោបាយ។ ហើយសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិក្នុងការបញ្ចេញមតិនិងទទួលបានព័ត៌មាននៅកម្ពុជាត្រូវបានលើកកម្ពស់ដោយរាជរដ្ឋាភិបាលពីអាណត្តិមួយទៅអាណត្តិមួយជារៀងរហូតមក ជាពិសេសក្នុងអាណត្តិទី៧នេះតែម្តង ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការផ្តល់ការគាំពារ និងការការពារសិទ្ធិដល់អ្នកសារព័ត៌មាន និងការលើកកម្ពស់សេរីភាពសារព័ត៌មាន សេរីភាពក្នុងការបញ្ចាញមតិ និងសេរីភាពក្នុងចូលរួមក្នុងការអភិវឌ្ឍសង្គមកម្ពុជា»

បន្ថែមពីនេះលោកសូមលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ឱ្យបន្តពង្រឹងសមត្ថភាពជំនាញ និងប្រកាន់ខ្ជាប់នូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ត្រូវកសាងទំនាក់ទំនងល្អជាមួយប្រភពព័ត៌មានក្នុងនោះមានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដើម្បីបំពេញតួនាទី វិជ្ជាជីវៈរបស់ឱ្យមានប្រសិទ្ធភាព៕