(ភ្នំពេញ)៖ ការប្រកួតកីឡាវាយកូនគោលដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី៧ ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួត នៅថ្ងៃទី៣០ ខែធ្នូនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមានថ្នាក់ដឹកនាំជាច្រើនទៀត។

ចំពោះលទ្ធផលបច្ចេកទេសក្រោយដំណើរការប្រកួតជាងកន្លះថ្ងៃ សម្រាប់វិញ្ញាសាប្រកួតជាក្រុម ចំណាត់ថ្នាក់លេខ១ គឺមានកីឡាករ យូ ស៊ុនឡុង, ជា បូរ៉ា និងកីឡាករ ឌី ពៅ, លេខ២ កីឡាករ វ៉ី សំណាង, ខៀវ សេរី និងកីឡាករ ហ៊ន់ សុរចនា និងលេខ៣ កីឡាករ ឈុន អូន, សំ អាង និងកីឡាករ សៀន សូយ៉ានី។

រីឯវិញ្ញាសាប្រកួតឯកត្ដជន ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ ស៊ុំ ជាពេញចិត្ដ, លេខ២ កីឡាករ ឡោ ដារិទ្ធ និងលេខ៣ កីឡាករ មួន បញ្ញា។

លោកនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ប្រធានគណៈកម្មការរៀបចំការប្រកួត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងឱកាសដ៏វិសេសវិសាល ដើម្បីចូលរួមអបអរសាទរខួប ២៥ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន មគ្គុទេសឯកសន្តិភាព ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ដោយមានកីឡាករចូលរួមសរុប ៩៧នាក់។

ជាមួយគ្នាដែរ ក្នុងនាមគណៈកម្មការរៀបចំការប្រកួត លោកបានគោរពថ្លែងអំណរគុណជូនសម្តេចតេជោ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ និងថ្លែងអំណរគុណសម្តេចក្រឡាហោម ស ខេង, សម្តេចពិជ័យសេនា ទៀ បាញ់, លោក កែ គឹមយ៉ាន, លោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាច្រើនទៀត ដែលបានអញ្ជើញចូលរួម ក្រោមបរិយាកាសរីករាយ ស្និទស្នាល និងអធិកអធមក្រៃលែង។

សមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្រ្តនេះ កើតចេញពីសន្តិភាព ក្រោមនយោបាយ ឈ្នះ ឈ្នះ តេជោសែន ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា រហូតទទួលបានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ និងធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍគ្រប់វិស័យ។ សម្តេចតេជោ ជាគំរូនៃការលះបង់ដ៏ថ្លៃថ្លាបំផុត ដើម្បីធានាភាពបន្តវេននៃការដឹកនាំប្រកបដោយសុវត្ថិភាព និងភាពជឿជាក់៕