(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នឹងបើកបវេសនកាលសម្រាប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ខណៈមានអ្នកចុះឈ្មោះចូលរៀនប្រមាណជិត២ម៉ឺននាក់។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ នឹងបើកបវេសនកាលព្រមគ្នានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ខាងមុខនេះដើម្បីផ្តើមការបណ្តុះបណ្តាលវគ្គទី១។

លោកបន្ថែមថា៖ «កម្មវិធីបើកបវេសនកាលធំ គឺធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ខាងមុខដែលជានិមិត្តរូបនៃការបើកវគ្គបណ្តុះបណ្តាលនូវទូទាំងប្រទេសនៃកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានប្រកាសដាក់ចេញឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ដោយសម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត»

មួយវិញទៀត លោកអ្នកនាំពាក្យ បានបញ្ជាក់ពីចំនួនអ្នកចូលរៀនដែលគិតមកត្រឹមថ្ងៃទី២៩ ខែធ្នូ នេះមានពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រ ជាង១.៩ម៉ឺននាក់ បានមកចុះឈ្មោះចូលរៀន។ ក្នុងនោះរាជធានីភ្នំពេញ មានអ្នកចុះឈ្មោះចូលរៀនច្រើនជាងគេ។ បន្ថែមពីនេះ វិស័យដែលទទួលបានការចាប់អារម្មណ៍ច្រើនជាងគេគឺ វិស័យសំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, កម្មន្តសាល, មេកានិចទូទៅ/មេកានិចរថយន្ត, ធុរកិច្ច និងព័ត៌មានវិទ្យា និងបរិក្ខារត្រជាក់ និងកម្តៅជាដើម។ នេះបើតាមការបញ្ជាក់របស់ក្រសួងដដែល។

លោកអ្នកនាំពាក្យ បានរំលឹកថា ដើម្បីទទួលបានសិស្សចុះឈ្មោះចូលរៀន មន្ត្រីក្រសួងគ្រប់ជាន់ថ្នាក់ និងវិទ្យាស្ថានទូទាំងប្រទេស បានចេញយុទ្ធនាការគោះទ្វាគ្រប់ខ្នងផ្ទះនៅគ្រប់ច្រកល្ហក និងទីប្រជុំជនដើម្បីប្រកាស និងពន្យល់ពីកម្មវិធីថ្នាក់ជាតិធ្វើយ៉ាងណាឱ្យក្រុមយុវជនគោលដៅចុះឈ្មោះចូលរៀន។

សូមបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ គឺជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ដែលប្រមុខរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ ថ្មីៗ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលនេះដើម្បីឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះអាចឆាប់មានជំនាញវិជ្ជាជីវៈ និងឆាប់មានការងារធ្វើសមរម្យដើម្បីលើកកម្ពស់ជីវភាពគ្រួសារ៕