(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ គ្រោងនឹងរៀបចំសិក្ខាសាលាបូកសរុប ការងារអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ឆ្នាំ២០១៥ និងឆមាសទី១ ឆ្នាំ២០១៦ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ នៅសន្និសីទចតុមុខ ។ នេះបើតាម Facebook Page ផ្លូវការក្រសួងទេសចរណ៍។ សិក្ខាសាលានេះ ក៏នឹងលើកទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០១៦ និងឆ្នាំ២០១៧ ផងដែរ។
ទំព័រ Facebook ផ្លូវការរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រោមកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អង្គការជាតិ-អន្តរជាតិនានា, ក្រសួងទេសចរណ៍បានបង្កើតឲ្យមាននូវសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន៥៦កន្លែង នៅតាមរាជធានី-ខេត្តចំនួន១៦ រួមមាន៖ សហគមន៍ទេសចរណ៍បែបធម្មជាតិចំនួន២៤, បែបអេកូទេសចរណ៍ចំនួន២៦, បែបវប្បធម៌ចំនួន២, បែបវប្បធម៌-ធម្មជាតិចំនួន២, បែបវប្បធម៌-ប្រវត្តិសាស្ត្រចំនួន១, និងបែបកែច្នៃចំនួន១។
ការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ជាយន្តការមួយដ៏សមស្របសម្រាប់ការអភិវឌ្ឍ និងអភិរក្សតំបន់ការពារធម្មជាតិ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋមូលដ្ឋាន អាចចូលរួមយ៉ាងសកម្ម ក្នុងការសម្រេចចិត្ត ដែលជាការផ្តល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋមូលដ្ឋាន (Local Empowerment) ក្នុងការទទួលផលប្រយោជន៍ ដោយផ្ទាល់ពីទេសចរណ៍ ប្រកបដោយសមធម៌។
ប្រជាពលរដ្ឋមូលដ្ឋាន ក៏មានសិទ្ធិសម្រេចចិត្តអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ដើម្បីបង្កើនកម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្រ និងចំណាក់ស្រុករបស់ពួកគាត់ ប្រកបដោយប្រសិទ្ធភាព ហើយផលប្រយោជន៍ដែលបានមកពីធម្មជាតិ តាមរយៈវិស័យទេសចរណ៍នេះ នឹងលើកទឹកចិត្តដល់ប្រជាពលរដ្ឋមូលដ្ឋាន ឲ្យចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថានជុំវិញខ្លួន។
សូមជម្រាបថា មន្រ្តីរាជការ យុវជន សិស្ស-និស្សិតដែលមានជំនាញទេសចរណ៍ និងអង្គការជាតិ-អន្តរជាតិពាក់ព័ន្ធ ដែលមានបំណងចង់ចូលរួមក្នុងសិក្ខាសាលានេះ អាចធ្វើការចុះឈ្មោះ តាមរយៈវេបសាយ «http://cambodiaecobusiness.org/…/registe…/74a44494b4x274b403» ដោយឥតគិតថ្លៃ ហើយការចុះឈ្មោះនេះ នឹងផុតកំណត់ត្រឹមវេលាម៉ោង១០៖០០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦៕