(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ ចុះចែកសម្ភារសិក្សាដល់សិស្សានុសិស្សមានជីវភាពខ្វះខាត នៅឃុំនីពេជ្រ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំនួន៩៦នាក់។

ថ្លែងក្នុងឱកាសនោះ លោកស្រី ឃួន ឃុនឌី បានលើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិទាំងមូល មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ព្រមទាំងផ្ដល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ ក្នុងការរស់នៅប្រកបរបរទទួលទានប្រចាំថ្ងៃក្រោមម្លប់សន្តិភាព។

លោកស្រី បានបន្តទៀតថា ដោយមើលឃើញការខ្វះខាតរបស់សិស្សានុសិស្សនៅឃុំនីពេជ្រ លោកស្រី និងមិត្តភក្តិ បាននាំយកសម្ភារសិក្សាមួយចំនួនចែកជូនសម្រាប់ជួយសម្រាលការលំបាកមួយផ្នែក និងធ្វើយ៉ាងណាជំរុញឲ្យសិស្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រ និងជំរុញឲ្យលោកគ្រូ អ្នកគ្រូ ត្រូវតាមដាន និងផ្សព្វផ្សាយបន្ថែមដល់អាណាព្យាបាលទាំងអស់ ត្រូវតែតាមដាន និងមិនត្រូវឲ្យកូនៗបោះបង់ការសិក្សាឡើយ ពិសេសខិតខំប្រឹងប្រែងរៀនសូត្រដើម្បីឲ្យក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អទៅថ្ងៃអនាគតហើយចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាលឲ្យមានការរីកចម្រើន។

លោកស្រី ឃួន ឃុនឌី បានក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ត្រូវតែខិតខំសិក្សារៀនសូត្រ និងមិនត្រូវបោះបង់ការសិក្សាឡើយ ជាពិសេសត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងសំណូមពរដល់អាជ្ញាធរមូលដ្ឋានត្រូវធ្វើយ៉ាងណារក្សាឲ្យបាននៅ ភូមិ ឃុំមានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងខិតខំដោះស្រាយបញ្ហាផ្សេងៗ ដែលជាការថ្នាំងថ្នាក់ដល់ពួកគាត់ឲ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ថា សម្ភារសិក្សាសម្រាប់ចែកជូនដល់សិស្សានុសិស្ស ៩៦នាក់ ក្នុងនោះមាន កាតាប សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ជ័រលុប ផងដែរ៕