(បាត់ដំបង)៖ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ទទួលបានកិច្ចសហការសម្របសម្រួលពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទ បរិស័ទកម្ពុជាភូមិភាគ១ សាខាខេត្តបាត់ដំបង បានរៀបចំពិធីផ្សព្វផ្សាយអប់រំដល់ជនរងគ្រោះដែលកំពុងសម្រាកនៅមជ្ឈមណ្ឌលបន្សាបព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង។

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឱ្យដឹងថា ក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ដឹកនាំដោយលោក អ៊ួង យូហាន គឺជាដៃគូយ៉ាងជិតស្និតជួយលើកាងារផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀនតាមរយ:ជនបង្គោលជាគ្រូគង្វាល ក្រុមជំនុំ ដែលបានពង្រឹងសមត្ថភាពជាជនបង្គោលអប់រំពី បញ្ហាគ្រឿងញៀននៅតាមសហគមន៍។

លោកគ្រូគង្វាល ទូច សុខា អនុប្រធានទី១ តំណាងឲ្យលោក អ៊ួង យូហាន ប្រធានក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា បានប្រាប់ឱ្យដឹងថា ការសហការរៀបចំពិធីបុណ្យណូអែលនិងឆ្លងឆ្នាំនៅក្នុងមជ្ឈមណ្ឌល បន្សាបព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកែស៊ីនួនបាត់ដំបង ដែលមានការចូលរួមពីរដ្ឋបាលស្រុក និងរដ្ឋបាលខេត្តនិងមន្ត្រីបុគ្គលិកមណ្ឌលសរុប៣៤០នាក់ជាការលើកទឹកចិត្តផ្តល់ក្តីសង្ឃឹមដល់ពួកគេ។

លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង បានសំណេះសំណាល និងលើកទឹកចិត្តប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅក្នុងការផ្សព្វផ្សាយអប់រំពីបញ្ហាផ្សេងៗ ដែលពាក់ព័ន្ធនឹងគ្រឿងញៀនដាស់តឿន លួងលោមដល់ក្មួយ ជនរងគ្រោះទាំងអស់ ត្រូវខិតខំស្តាប់ការអប់រំរបស់ក្រុមគ្រូជំនាញគ្រប់ផ្នែកដើម្បីឆាប់ជាសះស្បើយត្រឡប់ទៅកាន់គ្រួសារ និងសហគមន៍វិញ។

បន្ទាប់ពីបានផ្សព្វផ្សាយនៅព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ រួចមកក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទ បានប្រគល់អំណោយជូនដល់មជ្ឈមណ្ឌលបន្សាប និងស្ដារនីតិសម្បទានៅសម្ភារមួយចំនួនដូចជា ព្រះគម្ពីរចំនួន៣១០ក្បាលអង្ករ៧៥០គីឡូក្រាមទឹកស៊ីអ៊ីវ១០យួរ ទឹកត្រី១០យួរ ត្រីខ១០យួរនិង មី១០កេស។

លោក កែ ស៊ីនួន ប្រធានមជ្ឈមណ្ឌល បានថ្លែងអំណរគុណ និងសូមស្វាគមន៍រាល់គ្រប់បណ្តាអង្គការ សមាគម សប្បុរសជនទាំងអស់ដែលមានបំណងចូលរួមជួយដល់ជួយដល់ក្មួយៗជាជនរងគ្រោះដោយសារគ្រឿងញៀន ទាំងអស់ នៅមជ្ឈមណ្ឌលបន្សាបព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកែស៊ីនួនបាត់ដំបង។

កម្មវិធីបានបញ្ចប់ប្រកបទៅដោយភាពរីករាយអំណរសាទរនៅក្នុងព្រះវត្តមាន​ព្រះព្រះយេស៊ូគ្រីស្ទជាព្រះអង្គម្ចាស់សង្គ្រោះមនុស្សឱ្យរួចពីអំពើបាប៕