(ភ្នំពេញ)៖ សិល្បៈខ្មែរអមតៈ សហការជាមួយនឹង ក្រុមយុវជនរីកសាយ បានបង្កើត កម្មវិធីចលនាចងចាំ២ «មហោស្រពរបាំសហសម័យ» ដែលមាន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ។ តំណាងពីអង្គការសិល្បៈខ្មែរអមតៈ បានប្រាប់ឲ្យដឹងថា ការរៀបចំឲ្យមានកម្មវិធីចលនាចងចាំ២ «មហោស្រពរបាំសហសម័យ» នាពេលនេះ គឺដើម្បីផ្សព្វផ្សាយនូវទម្រង់សិល្បៈខ្មែរ ដែលមានច្រើនបែប ច្រើនសណ្ឋាន ក្នុងនោះក៏បានចូលរួមអភិរក្ស នៅទំរង់សិល្បៈខ្មែរមួយប្រភេទនេះ ឲ្យមហាជន បានស្គាល់ផងដែរ។
ក្រៅពីនោះ មហោស្រពនេះផ្សាភ្ជាប់មនុស្សទៅនឹងសិល្បៈ ហើយយើងចង់ផ្តោតសំខាន់ ទៅលើសារៈសំខាន់នៃសិល្បៈ បង្កើតនូវសង្គមមួយ មានសន្តិភាព។ ជាងនេះទៅទៀត យើងក៏នឹងផ្តល់ ឱកាសដល់ក្រុមហ៊ុន ឬអង្គការសិល្បៈដែលចង់បង្ហាញ ស្នាដៃថ្មីៗ របស់គេ ទៅកាន់ទស្សនិកជន។ នេះបើតាមការលើកឡើងពី កញ្ញា យ៉ន សុខន អ្នកសម្របសម្រួលកម្មវិធីនៅ អង្គការសិល្បៈខ្មែរអមតៈ បានប្រាប់ឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំកម្មវិធី ចលនាចងចាំ២ «មហោស្រពរបាំសហសម័យ» នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ ។
កញ្ញា យ៉ន សុខន បានបន្តឲ្យដឹងថា មហោស្រពនេះ នឹងមានការសម្តែង ដោយក្រុមនាដកាសហសម័យ សិល្បករថ្មីនៃកម្ពុជា និងក្រុមសិល្បករ «អេពិកអាត» ដែលប្រើប្រាស់ក្បាច់រាំ ដើម្បីស្វែងរកការចងចាំ ពីអតីតកាលរបស់ពួកគេ ក្នុងនោះក៏មានការសម្តែង ដែលបញ្ជាក់អំពីសម័យខ្មែរក្រហម ផងដែរ។
លោក ប៊ូ សាគុណ ជាជនពិការមួយរូប ហើយក៏ជាសិល្បករ មកពីអង្គការ អេពិកអាត បានប្រាប់ឲ្យដឹងថា នៅថ្ងៃ «មហោស្រពរបាំសហសម័យ» ក្រុមអេពិកអាត នឹងខិតខំប្រឹងប្រែងសម្ដែង ឲ្យបានល្អបំផុត ដើម្បីឲ្យមហាជនបានទស្សនា និងបានដឹងពីភាពអស្ចារ្យ នៃរបាំសហសម័យ។ លោក ប៊ូ សាគុណ បានបន្តថា លោក ជាជនពិការក៏ពិតមែនប៉ុន្តែ លោកមិនដែល អស់សង្ឃឹមនៅក្នុង ជីវិតឡើយ តែផ្ទុយទៅវិញ លោកនឹងបង្ហាញឲ្យសាធារណជន បានដឹងថា ជនពិការអាចធ្វើបាន «ពួកយើងពិការតែរូបរាង តែមិនបានពិបាកចិត្តឡើយ»។
គួររំឭកឲ្យដឹងថា នេះជាលើកទី២ហើយ ដែលសិល្បៈខ្មែរអមតៈ បានរៀបចំកម្មវិធីនេះឡើង ដើម្បីផ្សព្វផ្សាយនូវទម្រង់សិល្បៈនេះ ឲ្យកាន់តែទូលំទូលាយ ដល់សាធារណៈជន ក្នុងឆ្នាំនេះ មានកម្មវិធីចំនួន៤ រួមមាន៖
ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យភ្នំពេញអាមេរិក ចាប់ពីម៉ោង ៥៖៣០នាទី ដល់៧ល្ងាច។
ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ចាប់ពីម៉ោង ៦ ដល់ម៉ោង៧៖៣០នាទីល្ងាច។
ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ នៅសារមន្ទីរជាតិកម្ពុជា ចាប់ពីម៉ោង ៧ ដល់ម៉ោង ៨ល្ងាច។
ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នៅសារមន្ទីរជាតិកម្ពុជា ចាប់ពីម៉ោង ៧ ដល់ម៉ោង ៨ល្ងាច។
សំបុត្រចូលទស្សនា មានតម្លៃ១០០០០រៀល អាចរកជាវបាន នៅការិយាល័យសិល្បៈខ្មែរអមតៈ សារមន្ទីរជាតិ សាកលវិទ្យាល័យបញ្ញាសាស្រ្ត កម្ពុជា(PUC) សាកលវិទ្យាល័យភ្នំពេញអាមេរិក(AUPP)
កម្មវិធីខាងលើនេះ មានការឧបត្ថម្ភ ដោយសហភាពអឺរ៉ុប អង្គការយូណេស្កូ និង Robert Bosch Stiftung ដោយមានការសហការ ពីក្រុមយុវជនរីកសារយ ក្រុមសិល្បករ អេពិក អាត និងក្រុមនាដកាសម័យ សិល្បករថ្មីនៃកម្ពុជា៕