(កំពង់ឆ្នាំង)៖ សិប្បកម្មកែច្នៃសត្វជន្លេននាំចេញទៅក្រៅប្រទេសមួយកន្លែង កំពុងធ្វើឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើននាក់ មានការងារធ្វើ និងរកកម្រៃបានច្រើនគួរសមសម្រាប់ដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ សិប្បកម្មមួយនេះ ក៏បានស្រូបយកកម្លាំងពលកម្មពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានជាច្រើននាក់ផងដែរ។

សិប្បកម្មកែច្នៃសត្វជន្លេននាំចេញទៅក្រៅប្រទេសមួយនេះ មានទីតាំងស្ថិតនៅក្នុងភូមិអូរសណ្ដាន់ចាស់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង អាចផលិត និងកែច្នៃសត្វជន្លេនដែលជាផលិតផលកែច្នៃដ៏កម្រមួយនេះ ក្នុងមួយថ្ងៃបានរហូតទៅដល់១០តោនឯណោះ ទៅតាមរដូវកាលសំបូរសត្វជន្លេន។

លោក ឌឿ ពៅ អាយុ៥៦ឆ្នាំ ជាម្ចាស់សិប្បកម្មកែច្នៃសត្វជន្លេនខាងលើនេះ បានរៀបរាប់ប្រាប់អណ្ដាញព័ត៌មាន Fresh News កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ថា ការបើកសិប្បកម្មកែច្នៃសត្វជន្លេនស្រស់ខាងលើនេះ គាត់ទើបតែចាប់ផ្ដើមដំណើរការជាងមួយឆ្នាំតែប៉ុណ្ណោះ។ ដំបូងឡើយ គ្រួសាររបស់គាត់បានដឹកសត្វជន្លេនស្រស់យកទៅលក់ឱ្យអ្នកដាក់សន្ទូចនៅម្ដុំមាត់ទន្លេផ្សារ ក្រោមដែលរបរមួយនេះគាត់បានធ្វើអស់រយៈពេល ជាច្រើនឆ្នាំកន្លងមកហើយ។

លុះក្រោយមកបន្ទាប់ពីគាត់បានឃើញសិប្បកម្មកែច្នៃសត្វជន្លេនស្រស់ ដែលមានគេបើកធ្វើនៅក្នុងមូលដ្ឋាន គាត់ក៏បានលួចដកស្រង់បទពិសោធន៍ និងបច្ចេកទេសនេះមកបើកជាសិប្បកម្មកែច្នៃសត្វចន្លេនស្រស់ដោយខ្លួនឯង ម្ដងវិញ។ ដំបូងដោយបានចាប់ផ្ដើមម្តងបន្តិចៗ រហូតមកដល់សព្វថ្ងៃនេះ ដែលមានកម្មករបម្រើការនៅក្នុងសិប្បកម្មរបស់បងប្រុសជាច្រើននាក់ផងដែរ។

លោក ឌឿ ពៅ បានបញ្ជាក់ថា ការកែច្នៃសត្វជន្លេនស្រស់ឱ្យក្លាយជាផលិតផលសម្រេច ហើយវេចខ្ចប់លក់ឲ្យឈ្មួញកណ្ដាលនោះ គឺរបៀបធ្វើដំបូងឡើយ គេយកសត្វជន្លេនរស់ទៅលាងទឹកឱ្យស្អាតជាមួយម៉ាស៊ីន លាងដោយស្វ័យប្រវត្តិ។ បន្ទាប់មកយកជន្លេនដែលលាងទឹករួចទៅដាក់ចូលម៉ាស៊ីនមួយទៀត គឺម៉ាស៊ីនវះជន្លេន។ បន្ទាប់ពីវះរួចហើយ គេយកវាមកលាតហាលថ្ងៃ និងកញ្ច្រែងដែកម្យ៉ាង ដោយហាលរយៈពេលមួយថ្ងៃទើប យកមកគោះ ឬបកចេញពីកញ្ច្រែង។ បន្ទាប់មកត្រូវយកជន្លេនដែលបកចេញពីកញ្ច្រែងនោះ ទៅដាក់ហាលថ្ងៃម្ដងទៀតដោយលាតហាល និងកន្ទេល ឬផ្ទាំងកៅស៊ូតង់ ពេលហាលស្ងួតក្រៀមហើយ ទើបយកជន្លេនដែលហាល ស្ងួតចុងក្រោយនេះ ទៅដាក់ចូលក្នុងឡសម្ងួត ដោយទុករយៈពេលមួយយប់ទើបយកចេញទៅវេចខ្ចប់នៅក្នុងឃ្លាំងជាការស្រេច។

លោក ឌឿ ពៅ បានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះសត្វជន្លេនដែលត្រូវបានកែច្នៃនឹងវេចខ្ចប់រួចហើយ គឺមានម៉ូយដែលជាជនជាតិចិន និងខ្មែរផងនោះ បានមកទិញយកជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃបើក្នុងរដូវប្រាំងដូចសព្វថ្ងៃនេះ មិនសូវសម្បូរជន្លេនធ្វើ និងអាចលក់ចេញបានតែត្រឹមពី ១០០ ទៅ១៥០គីឡូក្រាមតែប៉ុណ្ណោះ។ ចំណែកឈ្មួញកណ្ដាលទិញជន្លេនក្រៀមរបស់គាត់រាល់ថ្ងៃនេះ គាត់មិនដឹងថា តើគេយកទៅធ្វើអីនោះទេ បងប្រុសគ្រាន់តែបានដឹងថា ជន្លេនក្រៀមនេះគឺគេយកទៅលក់បន្តនៅប្រទេសចិនតែប៉ុណ្ណោះ រីឯតម្លៃវិញបងប្រុសក៏សូមរក្សាសិទ្ធិមិនអាចប្រាប់បាននោះដែរ។

បងប្រុសបានបញ្ជាក់បន្ថែមទៀតថា ចំពោះសិប្បកម្មកែច្នៃសត្វជន្លេនរបស់បងប្រុស បើក្នុងរដូវវស្សាដែលសម្បូរសត្វជន្លេនវិញ គឺប្រជាពលរដ្ឋអាចយកសត្វជន្លេនមកលក់ឲ្យបងប្រុសក្នុងមួយថ្ងៃមានរហូតទៅដល់១០តោន ចំពោះតម្លៃជន្លេនស្រស់សម្រាប់ខែវស្សាដែលសំបូរសត្វជន្លេនបងប្រុសទិញពីប្រជាពលរដ្ឋក្នុងមួយគីឡូក្រាមពី ៣,០០ ០ទៅ ៣,៥០០រៀល ចំពោះរដូវដែលសម្បូរសត្វជន្លេនគឺមានរយៈពី ៥ខែទៅ ៦ខែក្នុងមួយឆ្នាំ។

ដោយឡែកក្នុងរដូវ ប្រាំងដែលពុំសូវសម្បូរសត្វជន្លេននោះវិញ គឺបងប្រុសបានទិញពីប្រជាពលរដ្ឋក្នុងតម្លៃ ៥,០០០រៀល ក្នុងមួយគីឡូក្រាម។ ក្នុងរដូវវស្សាដែលសម្បូរសត្វជន្លេនគឺបងប្រុសត្រូវការកម្លាំងកម្មកររហូត ដល់ជាង១០០នាក់ ដែលក្នុងម្នាក់ៗអាចរកប្រាក់កម្រៃបានពីសិប្បកម្មរបស់បងប្រុសពី ៨០,០០០ ទៅ៩០,០ ០០រៀល ក្នុងមួយថ្ងៃ ទៅតាមការឧស្សាហ៍ និងព្យាយាមរបស់កម្មករ៕