(ពោធិ៍សាត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោក ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកភ្នំក្រវាញ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានឈើអូរព្រាល នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅបរិវេណដីវាល ស្ថិតក្នុងភូមិអូរព្រាល ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ស្ពានឈើអូរព្រាល មានប្រវែង៥២ម៉ែត្រ និងទទឹង៤ម៉ែត្រ ឆ្លងកាត់ស្ទឹងអារ៉ៃ តភ្ជាប់ពីឃុំសំរោង មកឃុំរកាត ស្រុកភ្នំក្រវាញ ស្ថាបនាក្នុងរយៈពេលជាង១ខែកន្លះ ដោយកម្លាំងមហាសាមគ្គីរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកភ្នំក្រវាញ និងក្រុមការងារចុះជួយស្រុក ចំណាយថវិកាជិត១០០លានរៀល។
លោក សោម វិសាល ប្រធានក្រុមប្រឹក្សាស្រុកភ្នំក្រវាញ បានលើកឡើងថា ស្ពានឈើអូរព្រាលកសាងឡើងក្នុងរយៈពេលជាង១ខែកន្លះ បានស្ថាបនារួចរាល់ជាស្ថាពរហើយ សម្រាប់ឆ្លងកាត់ស្ទឹងអារ៉ៃ តភ្ជាប់ពីឃុំសំរោង មកឃុំរកាត មាន៤ភូមិ គឺភូមិអូរព្រាល ភូមិវាលភូមិព្រែក២ និងភូមិតាដេះ។
លោកបានរំលឹកថា ក្នុងឆ្នាំ២០០៣ រដ្ឋបាលខេត្ត បានកសាងស្ពានយោលសម្រាប់ការធ្វើដំណើរឆ្លងកាត់ទៅមក តែដោយសារប្រជាពលរដ្ឋនៅក្នុងតំបន់នេះ មានការកើនឡើងនូវតម្រូវការដឹកជញ្ជូន កសិផលមកកាន់ទីផ្សារ គណបក្សប្រជាជនកម្ពុជាស្រុក ក្រុមការងារចុះជួយស្រុក និងមានការចូលរួមពីសប្បុរសជន ក្នុង ក្រៅស្រុក ព្រមទាំងព្រះសង្ឃ ទើបសម្រេចកសាងស្ពានឈើនេះឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ។
លោក ទី នរិន្ទ និងលោក ម៉ៅ ធនិន បានថ្លែងថា ស្ពានឈើនេះ គឺជាសមិទ្ធិផលថ្មីមួយទៀត បន្ទាប់ពីសមិទ្ធិផលជាច្រើនទៀត ដែលគណបក្សប្រជាជនកម្ពុជាគ្រប់ផ្នែក គ្រប់ថ្នាក់ បានកសាងឡើង គឺផ្តើមចេញពីវប្បធម៌សាមគ្គីចែករំលែក ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជន ដោយមិនប្រកាន់អំពីនិន្នាការនយោបាយអ្វីឡើយ។
លោកបានលើកឡើងថា បន្ទាប់ពីមានស្ពានឈើនេះហើយ ការដឹកជញ្ជូនដំណាំកសិផលឆ្លងកាត់ពិតជាងាយស្រួលជាងមុន ហេតុនេះហើយបានជាប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ក្នុង ការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ គ្រប់ទីកន្លែងទូទាំងប្រទេស ក្នុងនោះក៏មានអគ្គិសនីផងដែរ ត្រូវបានទម្លាក់តម្លៃជាបន្តបន្ទាប់ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។
ជាងនេះទៅទៀត លោកបានជម្រាមជូនថា គោលដៅចម្បងរបស់រដ្ឋបាលខេត្ត ក៏ដូចក្រុមការងារបានដាក់ចេញនូវគោលការណ៍សំខាន់ៗគឺ ពង្រឹងការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ស្តារនូវហេដ្ឋារចនាសម្ព័ន្ធ កសាងអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជន យុវនារី ដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ និងយកចិត្តទុកដាក់លើ វិស័យព្រះពុទ្ធសាសនា។ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី និងទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រមទាំងបានចែកជូនវត្ថុកំដរដៃ ដល់លោកតា លោកយាយ ៥០នាក់ ក្នុងម្នាក់ៗខោអាវ ១កំប្លេ និងថវិកា ១ម៉ឺនរៀល និងបានអញ្ជើញកាត់ខ្សែបូសម្ពោធស្ពានឈើអូរព្រាល ជាផ្លូវការនាពេលនោះ។
ក្នុងថ្ងៃដដែលនោះ លោក ម៉ៅ ធនិន អភិបាលខេត្ត និងលោក ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកភ្នំក្រវាញ ក៏បានចុះសំណាលជាមួយក្មួយៗ ដែលកំពុងសិក្សានៅសាលាបណ្តុះបណ្តាល ជំនាញបន្ថែម ក្នុងស្រុកភ្នំក្រវាញផងដែរ៕