(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឧត្ដមភរិយារបស់សម្ដេចតេជោ ហ៊ុន សែន ដែលប្រជាជនកម្ពុជា ប្រសិទ្ធនាមជាមាតាមនុស្សធម៌ គឺកុលធីតាមួយរូបដែលតែងតែផ្សាយភ្ជាប់សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាប់បេះដូងលោកជានិច្ច។

នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ក្នុងកិច្ចសម្ភាសជាង២៨នាទី ជាមួយបណ្ដាញអង្គភាពព័ត៌មាន Fresh News ក្នុងឱកាសកាកបាទក្រហ​មកម្ពុជា​ ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២៥ (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៣) នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ (២៩ ធ្នូ ២០១៨ - ២៩ ធ្នូ ២០២៣) នៃការកសាងវិមានឈ្នះ ឈ្នះ។

លោកស្រី ម៉ែន នារីសោភ័គ បានបន្ដថា មិនមែនតែក្នុងនាមសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ជាប្រធានកាកបាទក្រហមកម្ពុជានោះទេ តែក្នុងនាមជាស្ដ្រី ដែលជាភរិយារបស់ថ្នាក់ដឹកនាំ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត គឺតែងតែមានជួយទៅដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដែលជួបនឹងទុក្ខលំបាក រួមទាំងជួយលើកកម្ពស់សុខភាព សមត្ថភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាប់ជានិច្ច។

«បើនិយាយពីទឹកចិត្ដ សម្ដេចអញ្ជើញទៅកន្លែងណាមួយជួបប្រជាពលរដ្ឋដែលងាយរងគ្រោះ លោកតែងតែសម្រាន្ដអត់លក់ទេពេលត្រលប់មកវិញ គឺគិតគូរខ្វល់ខ្វាយពីទុក្ខលំបាក និងស្វះស្វែង រិៈរក ដើម្បីជួយចែករំលែកការលំបាករបស់ប្រជាជន។ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត មានទឹកចិត្ដមេត្ដាធម៌ ករុណាធម៌ណាស់ ហើយទឹកចិត្ដប្រកបដោយព្រហ្មវិហារធម៌នេះ គឺមានតាំងពីកុមារភាពមកម្ល៉េះ។ ជាពិសេសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត តែងផ្ដល់ឱវាទតម្រង់ទិសដល់ពួកយើងថា នៅពេលយើងជាមន្ដ្រី ទទួលបានឋានៈខ្ពស់ខ្ពង់យ៉ាងណា ក៏យើងត្រូវដាក់ខ្លួនឱ្យទាបជាមួយបងប្អូនប្រជាពលរដ្ឋ ចែករំលែកទុក្ខលំបាកជាមួយគ្នា»។ ការបញ្ជាក់បន្ថែមរបស់លោកស្រី។

លោកស្រី ម៉ែន នារីសោភ័គ បានឱ្យដឹងទៀតថា បើនិយាយពីបេសកកម្មមនុស្សធម៌ ២៥ឆ្នាំ របស់កាកបាទក្រហមកម្ពុជា ក៏ដូចជា២៥ឆ្នាំនៃការដឹកនាំរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែក្នុងន័យមិនមែនកាកបាទក្រហមកម្ពុជាបង្កើតបាន២៥ឆ្នាំនោះទេ គឺបានបង្កើតតាំងពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ តែដោយសារផ្សាយភ្ជាប់ជាមួយនយោបាយឈ្នះ ឈ្នះ ដែលសម្ដេចតេជោ មានប្រវត្ដិតស៊ូ ដើម្បីរំដោះប្រទេសជាតិចេញពីបនប្រល័យពូជសាសន៍ ចឹងប្រវត្ដិតស៊ូនេះ ក៏ផ្សាយភ្ជាប់ជាមួយនឹងជីវិតរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលក្នុងពេលនេះ គឺសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានបីទារកតូចនៅក្នុងដៃ ដែលបច្ចុប្បន្ន គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ដើម្បីរត់គេចពីការកាប់សម្លាប់របស់ពួកខ្មែរក្រហម។

ក្នុងរយៈពេល២៥ឆ្នាំនេះ កាកបាទក្រហមកម្ពុជា បានចូលរួមក្នុងប្រតិបត្ដិការធំៗជាច្រើន ដែលផ្សាយភ្ជាប់នឹងនយោបាយឈ្នះ ឈ្នះ ។​ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាកិច្ចសម្ភាសរបស់លោកស្រី ម៉ែន នារីសោភ័គ ដូចតទៅ៖