(កំពង់ស្ពឺ)៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងម៉ត់ចត់រហូតឈានទៅឃាត់ខ្លួនក្រុមជនង្ស័យវ័យក្មេងចំនួន៥នាក់ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ ជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ ពីជនរងគ្រោះបានសម្រេច និងរត់គេចខ្លួនបានមួយរយៈនៅសង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមបញ្ជាពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការសម្របសម្រួលពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តខេត្តកំពង់ស្ពឺ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៤និង១០នាទីទៀបភ្លឺ នៅមុខផ្ទះសំណាក់នាគមាស ផ្លូវបេតុងលេខ១០៥ ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន មានករណីលួចដោយស្ថានទម្ងន់ទោស (ប្លន់យកម៉ូតូ) បង្កដោយជនសង្ស័យ១០នាក់ ជិះម៉ូតូ០៥គ្រឿង។ ជនរងគ្រោះឈ្មោះ ជិន សារិន ភេទស្រី អាយុ ៣៧ឆ្នាំ នៅភូមិញរ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រងរបួសជង្គង់សងខាង និងកែងដៃសងខាង។

មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូចេញពីផ្ទះទៅលក់បន្លែនៅផ្សារកំពង់ស្ពឺ ពេលជិះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ១០នាក់ ជិះម៉ូតូ៥គ្រឿង (C125ចំនួន ៣គ្រឿង និង២គ្រឿង) ធាក់ម៉ូតូជនរងគ្រោះឱ្យដួលបណ្តាលឱ្យរងរបួស រួចយកកាំបិតបុ័ងតោដេញកាប់យកម៉ូតូតែម្តង។

ជនរងគ្រោះបានបាត់បង់ម៉ូតូ ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ សេរីឆ្នាំ2018 ពាក់ស្លាកលេខបាត់ដំបង 1AB-9118។ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដោយបានការសម្របសម្រួលពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលស្រុកគងពិសី បានឃាត់ខ្លួនជនសង្ស័យ២នាក់រួមមាន៖

*ទី១៖ ឈ្មោះរិន ចន្ថា ហៅងុយ អាយុ១៩ឆ្នាំ នៅភូមិអន្លង់បារាំង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ។
*ទី២៖ ឈ្មោះឡេ មនោ អាយុ១៧ឆ្នាំ នៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ មុខរបរលក់ស្បែកជើង។

កម្លាំងនគរបាលបានដកហូតម៉ូតូ Scoopy.i ពណ៌ក្រហម ទូរស័ព្ទ Iphone 11។

នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សហការជាមួយនគរបាលស្រុកសំរោងទង ស្រុកគងពិសី ស្រុកអង្គស្នួល បន្តឃាត់ខ្លួនជនសង្ស័យ ៣នាក់ទៀត រួមមាន៖

*ទី១៖ សឿន បារាំង ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិតារដ្ឋ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ។ ដកហូត ទូរស័ព្ទ Iphone7
*ទី២៖ ឈ្មោះ ចន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ មុខរបរកម្មកររោងចក្រ។ ដកហូតម៉ូតូម៉ាក C125 ស៊េរី២០២១ ពណ៌ខ្មៅ ស្លាកលេខតាកែវ 1Y-6854 (ម៉ូតូធ្វើសកម្មភាព), ទូរស័ព្ទ Iphone12
*ទី៣៖ ឈ្មោះ យិន រ៉ាវុធ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិក្រាំងពង្រ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ មុខរបរកម្មកររោងចក្រ។ ដកហូតទូរស័ព្ទ Iphone 7។

សរុបឃាត់ខ្លួនជនសង្ស័យ០៥នាក់ ដកហូតម៉ូតូ២គ្រឿង និងទូរស័ព្ទ៤គ្រឿង។ ក្រុមជនសង្ស័យបានសារភាពថា:បានធ្វើសកម្មភាពប្លន់ម៉ូតូ ២លើក និងកាប់ម៉ូតូ ១លើក នៅខេត្តកំពង់ស្ពឺ។ ជនសង្ស័យ និងវត្ថុតាងបានកសាង សំណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ៕