(ភ្នំពេញ)៖ គណបក្សប្រឆាំង ដាក់លិខិតស្នើសុំបញ្ជីរាយនាមជនបរទេសទាំងអស់នៅកម្ពុជា ដែលបានទទួលសញ្ជាតិខ្មែរស្របច្បាប់ ទៅកាន់ក្រសួងមហាផ្ទៃ នេះបើយោងតាមលិខិតដែលអង្គភាពយើងខ្ញុំ ទើបទទួលបាននៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦។ លិខិតស្នើសុំរបស់គណបក្សប្រឆាំងនេះ ធ្វើឡើងតាមរយៈសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា។
នៅក្នុងលិខិតនោះបានបញ្ជាក់ថា «ដើម្បីកុំឲ្យមានការសង្ស័យខុស ពីចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ ដែលទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តាមរយៈអំពើពុករលួយ ឬការធ្វេសប្រហែសរបស់មន្រ្តីក្រសួងមហាផ្ទៃនោះ យើងខ្ញុំស្នើសុំ សម្តេចក្រឡាហោម មេត្តាផ្ញើនូវបញ្ជីជនបរទេស ដែលទទួលបានសញ្ជាតិខ្មែរត្រឹមត្រូវតាមផ្លូវច្បាប់ ដោយមានព្រះរាជក្រឹត្យបញ្ជាក់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
លិខិតនេះត្រូវបានសម្តេច ហេង សំរិន ចុះហត្ថលេខាឯកភាព នៅថ្ងៃទី២៤ ខែសីហានេះ៕