(កំពង់ធំ)៖ លោក សាន វុទ្ធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានថ្លែងថា ការផ្តល់ចំណេះដឹងដល់កូន គឺជាទ្រព្យមិនចេះរីងស្ងួត និងមានតម្លៃចាយមិនចេះអស់។

លោក សាន វុទ្ធី ថ្លែងបែបនេះក្នុងពិធីចែកវិញ្ញាបនបត្របណ្ណសិក្សាបញ្ចាប់វគ្គ ភាសាអង់គ្លេសប្រចាំឆ្នាំ២០២២-២០២៣ នៃសាលារៀនសុវណ្ណភូមិ ទីតាំងខេត្តកំពង់ធំ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣។

លោកបានបន្តថា ការអប់រំអាចធ្វើឱ្យមនុស្សផលិតបាននូវអ្វីៗគ្រប់យ៉ាង ដើម្បីបំពេញសេចក្តីត្រូវ ការរបស់មនុស្សជាតិ ហេតុនេះការអប់រំមនុស្សឱ្យមានបញ្ញា មានចំណេះដឹង មានជំនាញ មានសីលធម៌ មានទ្រព្យ សម្បត្តិ និងរួចផុតពីភាពក្រីក្រគឺជាគោលដៅរបស់រាជរដ្ឋាភិបាល។ ប្រទេសជាតិដែលមានការរីកចម្រើន និងអភិវឌ្ឍន៍ ជឿនលឿន គឺជាប្រទេសដែលសំបូរដោយធនធានមនុស្សគ្រប់ជំនាញ ដែលបានពីការអប់រំបណ្តុះបណ្តាលត្រឹមត្រូវ និងប្រកបដោយគុណភាព ដោយគុណភាពទាំងនោះ គឺជាកត្តាអទិភាពមួយដែលគ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាឱ្យតម្លៃ រួមគ្នាទទួលខុសត្រូវ និងរួមគ្នាបេ្តជ្ញាចិត្ត ធ្វើឱ្យបានក្នុងការផលិតនូវធនធានមនុស្សប្រកបដោយសមត្ថភាព វិជ្ជាជីវៈ ពិតប្រាកដ។

លោកបានបន្ថែមថា ប្រសិនបើចែកទៅដល់កូនជាលុយ ជាប្រាក់ ដីធ្លី គង់តែថ្ងៃណាមួយទ្រព្យទាំងនោះនិងអស់ ប្រសិនបើអ្នកបន្តវេនមិនចេះថែរក្សា និងមិនចេះការពារ ហើយយកទៅចាយវាយដោយពុំមានការពិចារណារអោយ បានវែងឆ្ងាយ ប៉ុន្តែបើយើងចែកឱ្យកូននូវចំណេះដឹង ហើយចំណេះដឹងនេះហើយគឺជាទ្រព្យសម្បត្តិនេះមិនចេះរីងស្ងួត ហើយមានតម្លៃ និងកាន់តែមានតម្លៃនៅពេលដែលកូនខិតខំសិក្សារៀនសូត្រ ព្រោះការសិក្សារៀនសូត្រជាទ្រព្យ សម្បត្តិមានតម្លៃដែលចាយមិនចេះចប់ និងមិនចេះអស់នោះទេក្នុងមួយជីវិតនេះ។

លោក សាន វុទ្ធី បញ្ជាក់ថា សាលារៀនទាំងរដ្ឋ និងឯកជនពិតជាលើកកម្ពស់អភិវឌ្ឍន៍វិស័យអប់រំ និងបង្កើតនូវធនធានមនុស្ស និងស្នើឱ្យ សាលារៀនទាំងអស់បន្តយកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាពគ្រប់គ្រង ការងារបង្រៀនអោយបានច្បាស់លាស់ និងគិតពីរសុវត្ថិភាពដល់សិស្សានុសិស្ស ដើម្បីឱ្យមាតាបិតាសិស្សមានការជឿទុកចិត្ត។

លោក សាន វុទ្ធី បានផ្តាំផ្ញើរដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀត ទាំងចំណេះដឹង ចំណេះធ្វើ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ចរិយាធម៌ បទបញ្ជាផ្ទៃក្នុងសាលារៀន វិន័យ និងការរស់នៅក្នុង សង្គម និងបានស្នើគណ:គ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ និងបុគ្គលិគគ្រប់លំដាប់ថ្នាក់ពង្រឹងលើគុណភាព សិក្សាជូនដល់ប្អូនៗ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ និងគ្រប់កម្មវិធីសិក្សា ធ្វើយ៉ាងណាឱ្យប្អូនមានសមត្ថភាពពេញ លេញក្នុងការចូលរួមប្រឡងប្រណាំងក្នុងកម្មវិធីផ្សេងៗ ដូចជាការប្រឡងកម្រិតអន្តរជាតិជាដើម។

សូមបញ្ជាក់ថា សាលារៀនសុវណ្ណភូមិ ទីតាំងខេត្តកំពង់ធំ បានចែកវិញ្ញាបនបត្របណ្ណសិក្សាបញ្ចាប់វគ្គភាសាអង់ គ្លេសប្រចាំឆ្នាំ ២០២២-២០២៣ ជូនសិស្សានុសិស្សចំនួន ៨៧នាក់ ក្នុងនោះមត្តេយ្យកម្រិតទាប ៣៤នាក់ មត្តេយ្យកម្រិតមធ្យម ៣៦នាក់ និងមត្តេយ្យកម្រិតខ្ពស់ ១៧នាក់ ចំពោះលទ្ធផលសិស្សមត្តេយ្យកម្រិតខ្ពស់ដែលបានប្រឡងតេស្តអន្តរជាតិ (YLE) ដែលទទួលស្គាល់ដោយសាលាអន្តរជាតិខេមព្រិដ នៃចក្រភពអង់គ្លេស ក្នុងឆ្នាំសិក្សា ២០២២-២០២៣ មានចំនួន ២០នាក់ ជាប់ចំនួន ១៥នាក់ ដោយទទួលបាននិទ្ទេសល្អ ១នាក់ និទ្ទេសល្អបង្គួរ ៧នាក់ និងនិទ្ទេសមធ្យម ៧នាក់ ដែលស្មើនឹង ៨៥%៕