(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសឲ្យអ្នកបើករថយន្ត Ford ឈ្មោះ អ៉ឹម អរុណគង់ហុង ចូលខ្លួនមកសារភាព​ ក្រោយបើកប៉ះ និងកិនជនរងគ្រោះបើកម៉ូតូបណ្តាលឲ្យរងរបួសនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «អធិការខណ្ឌសែនសុខ បានលិខិតកោះហៅអ្នកបើកឡានឲ្យចូល ប៉ុន្តែយើងក៏ឲ្យកម្លាំងជំនាញតាមស្វែងរក ដើម្បីនាំខ្លួនមកសួរនាំផងដែរ»

សូមបញ្ជាក់ថា រថយន្ដ Ford Pick Up មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BS-6644 បើកប៉ះជាមួយម៉ូតូ រួចបន្ដកិនពីលើបណ្ដាលឲ្យរងរបួស ហើយបើករត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បើទោះបីហេតុការណ៍នេះ ជនរងគ្រោះមិនគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងណាក្ដី តែបានបង្ហាញពីភាពអមនុស្សធម៌ គ្មានសុជីវភាព និងឃោឃៅរបស់អ្នកបើកបរ ដែលគ្មានស្មារតីទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។

តាមរយៈវីដេអូដែលបង្ហាញដោយកាមេរ៉ាសុវត្ថិភាព បានឲ្យដឹងថា រថយន្ដនេះកៀរម៉ូតូបណ្ដាលឲ្យដួល ហើយមិនឈប់ចុះមើលជនរងគ្រោះនោះទេ បែរជាបើកកិនពីលើកហើយរត់គេចខ្លួនបាត់ស្រមោលតែម្ដង៕