(កំពង់ធំ)៖ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានជំរុញឱ្យប្រធានអង្គភាពមន្ទីរ ស្ថាប័នទាំងអស់ត្រួតពិនិត្យមើលមន្ត្រីក្រោមឱវាទរបស់ខ្លួនដែលពាក់ព័ន្ធនឹងបទល្មើស។

ការជំរុញបែបនេះរបស់លោក សុក ហៃ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយអ្នកសារព័ត៌មានក្នុងខេត្តកំពង់ធំ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ។

លោកបានបញ្ជាក់ថា៖ «គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវផ្ដល់ព័ត៌មានឱ្យបានឆាប់រហ័សដល់អ្នកនាំពាក្យដើម្បីឆ្លើយតបទៅនឹងអ្នកសារព័ត៌មានដែលបានចុះផ្សាយថាតើមានភាពច្បាស់លាស់ពិតប្រាកដដែរ ឬទេ? ក្នុងនោះមន្ទីរព័ត៌មានត្រូវពិនិត្យមើលអ្នកសារព័ត៌មានមួយចំនួនតូចដែលតែងតែរកស៊ីបទល្មើសផងផ្ដល់ព័ត៌មានឱ្យសមត្ថកិច្ចទៅចាប់ផង និងចុះផ្សាយផង»

លោក សុក ហៃ បានបន្តថា ចំពោះស្រុកសន្ទុកដែលមានប្រាំឃុំពាក់ព័ន្ធទៅនឹងគម្របព្រៃឈើរដ្ឋបាលខេត្តបានធ្វើរបាយការណ៍ផ្ញើទៅក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទរួចហើយរង់ចាំតែក្រសួងចុះមកពិនិត្យដើម្បីសុំគោលការណ៍ទៅរាជរដ្ឋាភិបាលសម្រេចហើយចំពោះដីតំបន់៣ ក៏បានធ្វើដូចគ្នាដែរ។

លោកសូមអរគុណចំពោះអ្នកសារព័ត៌មានដែលនៅក្នុងខេត្ត ដែលបាននឹងកំពុងតែចូលរួមយ៉ាងសកម្មជាមួយនឹងរដ្ឋបាលខេត្តជាមួយនឹងរដ្ឋាភិបាលលើការងារផ្សព្វផ្សាយព័ត៌មាននៅក្នុងខេត្តនេះហើយសូមអរគុណចំពោះអស់លោកលោកស្រីទាំងអស់ ដែលបានមកចុះបញ្ជីត្រឹមត្រូវ និងគោរពនៅក្រមសីលធម៌វិជ្ជាជីវៈឲ្យបានល្អ ព្រោះថាក្រមសីលធម៌វិជ្ជាជីវៈនេះជាអាវក្រោះការពារ។

លោក សុក ហៃ បានបញ្ជាក់ទៅដល់អ្នកសារព័ត៌មានសូមឱ្យការសរសេរព័ត៌មានត្រូវមានមានប្រភពច្បាស់លាស់កុំយកតែម្ខាង៕