(កំពង់ធំ)៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត  គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងដាក់ចេញទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ។ ពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួន ដែលគណៈកម្មាធិការអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សម្រេចបានក្នុងឆ្នាំ២០២៣ មានជាអាទិ៍៖ ការបំពាក់គ្រឿងឥស្សរិយយសការពារជាតិ និងឧបត្ថម្ភថវិកាជូនអតីតយុទ្ធជន ចំនួន ៣,៤៤៧នាក់ ដែលមានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ។ ការបើកប្រាក់បេឡាមរណសង្គ្រោះ ជូនគ្រួសារសពក្នុងឆ្នាំនេះ មានចំនួន៨៧សព និងការបើកប្រាក់ធានារ៉ាប់រងសង្គម ជូនគ្រួសារសពអតីតយុទ្ធជនបានចំនួន ៦១គ្រួសារ។ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តថា ក្រៅពីនោះទៀត គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ គ្រប់លំដាប់ថ្នាក់បានសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតបានចំនួន១៩៨លើក ស្មើចំនួន១,៥០២គ្រួសារ។

នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងនូវការកោតសរសើរចំពោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ គ្រប់បែបយ៉ាង ដើម្បីបង្កលក្ខណៈងាយស្រួល និងការដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជន ក្នុងខេត្តបានទាន់ពេលវេលា និងបានថ្លែងអំណរគុណ ចំពោះអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្តកំពង់ធំ ដែលបានបង្កលក្ខណះងាយស្រួល ជួយដោះស្រាយនូវរាល់ការលំបាកដល់គណៈកម្មាធិការសមាគមកម្ពុជាខេត្ត នាពេលកន្លងមកបានយ៉ាងល្អប្រសើរផងដែរ។

នាយឧត្តមសេនីយ៍ គន់ គីម បានប្រគល់ទិសដៅភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់អាជ្ញាធរខេត្តនិងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងបណ្ដា មន្ទីរ ស្ថាប័ន  អង្គភាពទាំងអស់ ត្រូវខិតខំបន្តយកចិត្តទុកដាក់មើលថែទាំសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ព្រោះបងប្អូនអតីតយុទ្ធជន គឺជាអ្នកដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងបានរួមចំណែកជាមួយសម្តេចតេជោ អនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពដូចសព្វថ្ងៃនេះ។

នៅក្នុងឱកាសនេះដែរ នាយឧត្ដមសេនីយ៍គន់ គីម បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់អតីតយុទ្ធជនចំនួន ៨១នាក់ ដែលមានស្នាដៃល្អក្នុងចលនាប្រឡងប្រណាំង ៣ល្អផងដែរ៕