(ភ្នំពេញ)៖ រថយន្ដ Ford Pick Up មួយគ្រឿង បើកប៉ះជាមួយម៉ូតូ រួចបន្ដកិនពីលើបណ្ដាលឲ្យរងរបួស ហើយបើករត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ភ្នំពេញ ខណ្ឌសែនសុខ។

បើទោះបីហេតុការណ៍នេះ ជនរងគ្រោះមិនគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងណាក្ដី តែបានបង្ហាញពីភាពអមនុស្សធម៌ គ្មានសុជីវភាព និងឃោឃៅរបស់អ្នកបើកបរ ដែលគ្មានស្មារតីទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។

តាមរយៈវីដេអូដែលបង្ហាញដោយកាមេរ៉ាសុវត្ថិភាព បានឲ្យដឹងថា រថយន្ដនេះគៀរម៉ូតូបណ្ដាលឲ្យដួល ហើយមិនឈប់ចុះមើលជនរងគ្រោះនោះទេ បែរជាបើកកិនពីលើកហើយរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

បន្ទាប់ពីហេតុការណ៍កើតឡើង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវស្វែងរកអ្នកបើកបររថយន្ត Ford ដើម្បីឲ្យចូលខ្លួនមកសារភាព និងដោះស្រាយក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះចំពោះមុខសមត្ថកិច្ច និងអនុវត្តតាមនីតិវិធី បន្ទាប់ពីគេចវេសមិនទទួលខុសត្រូវ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអំពាវនាវដល់អ្នកបើកបររថយន្ដបង្ក ត្រូវភ្ញាក់រលឹក និងមានស្មារតីទទួលខុសត្រូវ ហើយចូលខ្លួនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់៕

ទស្សនាវិដេអូ៖ https://t.me/freshnewsasia/166003