(ពោធិ៍សាត់)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំស្រែស្តុក ស្រុកកណ្តៀង ដឹកនាំដោយលោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា ប្រធានក្រុមការងារចុះជួយឃុំស្រែស្តុក ស្រុកកណ្តៀង និងឃុំអន្សាចំបក់ ស្រុកក្រគរ និងលោកស្រី កែវ បុប្ផារ័ត្ន នាយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំការប្រគុំតន្ត្រីខ្នាតយក្ស នៅបរិវេណបឹងទន្លេអុំ ដែលស្ថិតក្នុងភូមិបាគូ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដើម្បីអបអរសាទរ ទិវាឆ្លងឆ្នាំសាកល ២០២៣ ឈានចូលឆ្នាំ២០២៤ តាមការសន្យានាពេលកន្លងមក។

សម្រាប់ការប្រគុំតន្ត្រីខ្នាតយក្សនេះ ក៏មានការអញ្ជើញចូលរួមពីណាក់ កញ្ញា ចំរើន សុភក្ត្រ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ក្រុមការងារចុះជួយឃុំ អាជ្ញាធរមូលដ្ឋាន សិល្បៈករ សិល្បៈការិនី និងពិធីករ ពិធីការិនី ដែលមានឈ្មោះបោះសម្លេង ក្នុងស្ថានីយ៍ទូរទស្សន៍ និងផលិតកម្មល្បីៗមួយចំនួនទៀត។

លោក អេង គន្ធា បានឱ្យដឹងថា ការជួបជុំគ្នានេះ គឺធ្វើឡើងតាមការសន្យា របស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ ខណៈដែរឃុំស្រែស្តុក បានបោះឆ្នោតគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល ទទួលបានបានលទ្ធផល ឈ្នះដាច់លេខ១ ទូទាំងប្រទេស ក្នុងព្រឹត្តការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីពេលកន្លងមក។

លោកក៏សូមថ្លែងអំណរគុណ ដល់ក្រុមសិល្បៈករ សិល្បៈការិនី និងពិធីករ ពិធីការិនីទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមបង្កលក្ខណៈសប្បាយរីករាយ ដល់បងប្អូនប្រជាពលរដ្ឋយើង ក្នុងឱកាសទិវាឆ្លងឆ្នាំសកល ២០២៣ ឈានចូល២០២៤នេះ។

លោក អេង គន្ធា បានគូសបញ្ជាក់ថា តំបន់ការពារបេតិកភណ្ឌវប្បធម៌ជាតិបឹងទន្លេអុំ និងប្រសាទព្រះធាតុ គឺជាកេរ្តិ៍មរតករបស់ឃុំស្រែស្តុកយើង ដែលបង្ហាញពីការសហការគ្នា និងចំណងសាមគ្គីភាព រវាងបុរស និងនារី ដែលបន្សល់ទុកជាភស្តុតាងនេះឡើង ដូចរឿងដំណាលនិទាន ភ្នំប្រុស ភ្នំស្រីជាដើម។

លោក អេង គន្ធា បានបន្ថែមថា លោក កែវ រតនៈ ដែលជាកុលបុត្រប្រសូត្រចេញពីខេត្តពោធិ៍សាត់ លោកមានទស្សនវិស័យវែងឆ្ងាយ ល្អិតល្អន់ និងគិតគូរយ៉ាងម៉ង់ច៉ង់ ក្នុងការស្តារបឹងទន្លេអុំនេះឡើងវិញ សម្រាប់ជាឧត្តមប្រយោជន៍ ដល់ប្រជាពលរដ្ឋនៃឃុំស្រែស្តុកទាំងមូល ដើម្បីឈានទៅរកការកាត់បន្ថយភាពក្រីក្រក្នុងគ្រួសារ ស្របតាមយុទ្ធសាស្ត្ររាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។

គួរជម្រាបជូនថា ការប្រគុំតន្រ្តីទស្សនាកម្សាន្តនេះដែរ ក៏មានការចូលទស្សនាពីសំណាក់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានមកមើលការបាញ់កាំជ្រូច ការបង្ហោះគោម ដើម្បីចូល​រួម​អបអរ​សា​ទរ​ និងបង្កើ​ន​ភាពសប្បាយរីករាយ ឱ្យកាន់តែ​មានភាពអធិកអធម​បន្ថែមទៀត ក្នុងឱកាសទិវាឆ្លងឆ្នាំសាកល ២០២៣ ឈានចូលឆ្នាំ២០២៤ផងដែរ៕