(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំព្រឹត្តការណ៍ពិព័រណ៍ម្ហូបអាហារខ្មែរអ្នកបាត់ដំបង ដើម្បីអបអរសាទ «ទីក្រុងបាត់ដំបងទទួលបានការចុះបញ្ជីក្នុងបណ្តាញទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ» របស់អង្គការយូណេស្កូ (UCCN) ដោយមានដាក់តាំងម្ហូបអាហារ និងបង្អែមខ្មែរផ្សេងៗគ្នាចំនួន ១១១ស្តង់។

ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅផ្លូវមុខសាលាខេត្តចាស់ ដល់សួនវិមានឯករាជ្យសម្តេចក្រឡាហោម ស ខេង ក្រុងបាត់ដំបង ក្រោមវត្តមានលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក សុខ លូ អភិបាលខេត្តបាត់ដំបង, ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរអង្គភាពនានាជុំវិញខេត្ត អាជីវករ និងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ទៀត។

លោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសីល្បៈខេត្ត បានអានពីប្រវត្តិមុននិងក្រោយព្រឹត្តការណ៍ពិព័ណ៍ម្ហូបអាហារខ្មែរអ្នកបាត់ដំបង ដើម្បីអបអរសាទ «ទីក្រុងបាត់ដំបងទទួលបានការចុះបញ្ជីក្នុងបណ្តាញទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ» របស់អង្គការយូណេស្កូ (UCCN) បានធ្វើការទំនាក់ទំនងមកខ្ញុំបាទផ្ទាល់ ដើម្បីពិភាក្សាអំពីការរៀបចំឯកសារស្នើសុំទៅអង្គការយូណេស្កូ ដាក់បញ្ចូលទីក្រុង បាត់ដំបង ទៅក្នុងបណ្តាញទីក្រុង ដែលមានការច្នៃប្រឌិត នៅក្នុងផ្នែកមួយ នៃវិស័យទាំង៧រួមមាន៖ សិប្បកម្មប្រពៃណីការរចនាម៉ូត អក្សរសិល្ប៍ ភាពយន្ត ចំណីអាហារ សិល្បៈទំនើប (Media arts) និងតន្ត្រី កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។

លោកបន្តថា ជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តបាត់ដំបង បានបង្កលក្ខណៈឱ្យមានការរៀបចំ ព្រឹត្តិការណ៍សំខាន់ៗដូចជា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពិព័រណ៍ ពាណិជ្ជកម្ម ព្រឹត្តិការណ៍ជិះកង់ ពិធីអុំទូកបុណ្យចេញព្រះវស្សា អកអំបុកសំពះព្រះខែ ពិធីបុណ្យឆ្លងឆ្នាំសកល និងព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀតក្នុងនោះក៏មានពិព័រណ៍ម្ហូបអាហារអ្នកក្រុងបាត់ដំបង ដូចដែលកំពុងធ្វើនាថ្ងៃនេះ កត្តាទាំងអស់នេះហើយជាធាតុចូល ដើម្បីជាទំងន់ទៅលើសុំណុំឯកសារ ធ្វើឲ្យអង្គការយូណេស្កូ សម្រេចដាក់ក្រុងបាត់ដំបងទៅក្នុងបញ្ជីទីក្រុង ដែលមានការច្នៃប្រឌិដ្ឋផ្នែកម្ហូបអាហារនាពេលនេះផងដែរ។

លោក អ៊ុច អ៊ុំភីស្សរ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឡើងថ្លែងសុន្ទរកថា ដើម្បីអបអរសាទរខេត្តបាត់ដំបង បានចូលជាសមាជិកបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូនេស្កូ ផ្នែកម្ហូបអាហារ និងដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសាកល ២០២៣ ឆ្លងចូល២០២៤ ដែលមានការចូលរួមយ៉ាងកុះករពីសំណាក់ ថ្នាក់ដឹកនាំ មន្ទីរអង្គភាព បណ្តារក្រុងស្រុកនានាជុំវិញខេត្តបាត់ដំបង និងបងប្អូនអាជីវករបានចូលរួមលក់ដូរបង្ហាញស្នាដៃរបស់ពួកគេផង។

លោកបានបន្តថា ខេត្តបាត់ដំបង គឺជាខេត្តមួយស្រស់ប្រិមប្រិយ មានភាពទាក់ទាញសមជាខេត្តល្អសម្រាប់ការរស់នៅ បំពេញការងារ ការទស្សនាកម្សាន្ត និងចំណាយពេលសម្រាប់លម្លែកាយ។ ខេត្តបាត់ដំបង មានវិសាលភាពផ្ទៃដីធំទូលាយសំបូរដោយ ភោគសម្បត្តិធម្មជាតិ វប្បធម៌បុរាណជាច្រើន ព្រមទាំងភាពសម្បូរបែបនៃមុខម្ហូបអាហារ (Tourism Gastronomy) ដូចដែលកំពុងតែរៀបចំនាឱកាសនេះ ដែលជាសក្តានុពលទេសចរណ៍យ៉ាងសំខាន់ និងទាក់ទាញ។ ដោយសារសក្តានុពលដ៏បវរនេះហើយ ដែលធ្វើឱ្យភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តបាត់ដំបង មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

លោក សុខ លូ បានរំលឹកថា ពិធីបើកពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរដែលរៀបចំ ដោយមន្ទីរទេសចរណ៍ខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៣-២០២៤នាខាងមុខនេះ។ ការប្រារព្ធពិធីតាំងបង្ហាញមុខម្ហូបនេះ ខេត្តបាត់ដំបងយើង ធ្លាប់បានរៀបចំធ្វើពិធីនេះជាហូរហែកន្លងមកហើយដែរ។

លោកអភិបាលខេត្តបានញ្ជាក់ថា ដូចដែលក្រុមអាជីវករ អ្នកចុងភៅនៅតាមភោជនីយដ្ឋាន-អាហារដ្ឋាន នៅតាមគេហដ្ឋាន អ្នកធ្វើបង្អែមខ្មែរ និងប្រជាពលរដ្ឋ ដែលបានជួបជុំគ្នាបង្ហាញពីស្នាដៃដ៏ប៉ិនប្រសប់ក្នុងការចម្អិនម្ហូបអាហារ និងបង្អែមខ្មែរ នៅក្នុងពិធីដ៏មានអត្ថន័យនេះ ដើម្បីជាការចូលរួមរំលឹកនូវទំនៀមទំលាប់ប្រពៃណី និងថែរក្សានូវ អត្តសញ្ញាណជាតិ ពិសេសបង្ហាញមុខនូវម្ហូបអាហារ និងបង្អែមខ្មែរ ដែលជាស្នាដៃរបស់អ្នកបាត់ដំបង ជូនភ្ញៀវអន្តរជាតិ និងបងប្អូនដែលកំពុងមានវត្តមានក្នុងទឹកដីខេត្តបាត់ដំបងនាពេលនេះ។

លោកបានបន្តថា ប្រជាពលរដ្ឋដែលបាន មកចូលរួមយ៉ាងច្រើនកុះករនាឱកាសនេះ មិនត្រឹមតែស្តែងចេញនូវការគាំទ្រលើវិស័យវប្បធម៌ប៉ុណ្ណោះទេ គឺរួមចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណី និងលើកស្ទួយវប្បធម៌ជាតិឱ្យបានថ្កុំថ្កើងរុងរឿង និងឋិតថេរ ជាអមតៈក្នុងដួងព្រលឹងកូនខ្មែរទាំងអស់គ្នាជារៀងរហូត។ ការរៀបចំព្រឹត្តការណ៍ពិព័រណ៍ម្ហូប អាហារនេះឡើង គឺមានសារៈសំខាន់សំដៅលើកកម្ពស់ដាស់ស្មារតី រំលឹកដល់កូនខ្មែរគ្រប់ៗរូបឱ្យចូលរួមបង្កើតបានជាចលនាយ៉ាងផុលផុសក្នុងការថែរក្សាការពារ និងលើកស្ទួយតម្លៃនៃកេរ្តិ៍មរតកវប្បធម៌ជាតិខ្មែរ។

លោក សុខ លូ បានបន្ថែមថា ដោយបានអនុវត្តតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ រៀបចំកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំ សកល ល្អជាងគេប្រចាំឆ្នាំ ២០២៣» (Best Countdown City of The Year 2023)។

គួរបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងនេះរៀបចំឡើងដោយផ្អែកលើលក្ខណៈពិសេសដូចជា៖ ការតុបតែងរចនាលម្អ, អនាម័យ និងបរិស្ថាន, សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់, ភាពពេញចិត្ត និងការសប្បាយរីករាយរបស់ភ្ញៀវទេសចរ និងអ្នកចូលរួម។

សូមប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមធ្វើការបោះឆ្នោតគាំទ្រទីក្រុងដែលលោកអ្នកពេញចិត្តជាងគេបំផុតដោយជ្រើសរើសតែ ១
ប៉ុណ្ណោះ ដោយប្រកាសបើកចាប់ពីម៉ោង ៥ល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ នេះតទៅ៕