(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន៖ រកឃើញវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ១១ករណី នេះបើយោងតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបានព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣។

ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីបង្ការនូវការចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ដោយត្រូវអនុវត្តនូវវិធានការបង្ការ ដូចខាងក្រោម៖

* អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការបង្ការការចម្លង គឺពាក់ម៉ាស លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ឬ ជែលលាងដៃ។

* បុគ្គលម្នាក់ៗត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជំរុញនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរៀងៗខ្លួនឱ្យបានសមស្រប
ដើម្បីបង្ការការឆ្លងវីរុសកូវីដ-១៩។

* ប្រសិនបើអ្នកមានអាការៈក្ដៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពឱ្យបានទាន់ពេលសមស្រប។

ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា យោងតាមលទ្ធផលវិភាគលម្អិតទទួលបានពីមន្ទីរពិសោធន៍បង្អែកជាតិនៃវិទ្យាស្ថានសុខភាពសាធារណៈ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ពីការរកឃើញវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ១១ករណីបន្ថែមទៀត ដែលពួកគាត់ទាំងអស់ពុំមានរោគសញ្ញាធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់ ហើយពុំមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសទេ។

ការរកឃើញវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 មានការកើនឡើងបែបនេះ បញ្ជាក់ថាប្រភេទវីរុសបំប្លែងថ្មីនេះ កំពុងមានវត្តមានក្នុងសហគមន៍ និងអាចមានករណីឆ្លងជាបន្តបន្ទាប់។ ក្រសួង
សុខាភិបាលបានរំលឹកដល់បងប្អូនប្រជាពលរដ្ឋផងដែរថា តាមចំណាត់ថ្នាក់របស់អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់អំពីវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 នេះ មិនសូវមាន
សភាពធ្ងន់ធ្ងរទេ គឺជាវីរុសបំប្លែងថ្មីដែលជាប្រភេទចាប់អារម្មណ៍ VOI (Variant of Interest) មិនមែនជាវីរុសបំប្លែងថ្មីដែលជាប្រភេទព្រួយបារម្មណ៍ VOC (Variant of Concern) នោះទេ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ៕