(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បាន​អញ្ជើញជាអធិបតីបើក បិទ និងប្រគល់ពានរង្វាន់នៃការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» លើកទី៧។ ការប្រកួតនេះធ្វើឡើង​នៅ​ទីលាន​វាយកូនគោល Vattanac Golf Resort។

ក្រៅតែពីកីឡាករដែលចូលរួមប្រកួតហើយនោះ ក្នុងពីបើកការប្រកួតនាព្រឹកមិញនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សម្តេចក្រឡាហោម ស ខេង និងសម្តេចពិជ័យសេនា ទៀ បាញ់ ដែលជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ។ បន្ទាប់ពីប្រកាសបើកការប្រកួតហើយនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញវាយកូនគោលផងដែរ។

 លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានឱ្យដឹងថា ការប្រកួតនាព្រឹកមិញនេះ មានកីឡាករចូលរួមប្រកួតចំនួន៩៦រូប។ លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ការប្រកួតនេះធ្វើឡើងដើម្បីចូលរួមអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកសន្តិភាព។

ការប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៧ បានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និងអធិកអធមក្រៃលែង ស័ក្តិសមនឹងខ្លឹមសារដ៏មានអត្ថន័យកីឡារស់ ក្នុងសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ សមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្ត្រនេះ កើតចេញពី សន្តិភាព ក្រោមនយោបាយឈ្នះ-ឈ្នះ តេជោសែន ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា ដោយមិនមានការបង្ហូរឈាម រហូតទទួលបានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ និងធ្វើឱ្យ ប្រទេសជាតិមានការអភិវឌ្ឍគ្រប់វិស័យ។

បន្ទាប់ពីការប្រកួតពេញមួយព្រឹកជយលាភីសម្រាប់វិញ្ញាសាឯកតជន៖ លេខ១ បានលើកីឡាករ ស៊ុំ ជាពេញចិត្ត, លេខ២ បានលើកីឡាករ ឡោក ដារិទ្ធ និងលេខ៣ បានទៅលើកីឡាករ មួន បញ្ញា។

សម្រាប់វិញ្ញាសាជាក្រុម៖ លេខ១ បានទៅលើក្រុមលោក យូ ស៊ុនឡុង, លោក ជា បូរ៉ា និងលោក ឌី ពៅ, លេខ២ បានទៅលើក្រុមលោក វ៉ី សំណាង, លោក ខៀវ សេរី និងលោក ហ៊ន់ សុរចនា, លេខ៣ បានទៅលើក្រុមអ្នកឧកញ៉ា ឈុន អូន, អ្នកឧកញ៉ា សំ អាង និងឧកញ៉ា សៀន សូយ៉ានី។

ដោយឡែកកីឡាករវាយកូនគោលជិតឡូតិ៍រួមមាន៖ លោកទេសរដ្ឋមន្ត្រី ថោង ខុន, លោក ប៉ោ វណ្ណាត, លោក កេត សោផាន់ និងលោក ម៉ៅ ពៅ។

បន្ទាប់ពីបញ្ចប់ការប្រកួតសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនដទៃទៀត ព្រមទាំងកីឡាករ ក៏បានអញ្ជើញពិសាអាហារសាមគ្គីប្រកបដោយក្តីសប្បាយរីករាយ៕