(ភ្នំពេញ)៖ គណៈមេប្រយោគ និងគណៈកម្មការអប្បមាទទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានប្រគល់ហិបសន្លឹកកិច្ចការបេក្ខជន និងសំណុំឯកសារផ្សេងៗ ពីមណ្ឌលប្រឡងទាំង ១៥៧ នៅទូទាំងប្រទេស ប្រគល់ជូនគណៈមេប្រយោគ ទូទាំងប្រទេសរួចរាល់ ហើយនៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ។
ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់នៅ Facebook របស់ក្រសួងថា ហិបសន្លឹកកិច្ចការរបស់បេក្ខជន និងសំណុំឯកសារផ្សេងៗ របស់បេក្ខជនទាំង១៥៧មណ្ឌល ត្រូវបានប្រគល់ជូន គណៈមេប្រយោគ ទូទាំងប្រទេសហើយ ក្រោមវត្តមាន លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
ក្រសួងអប់រំបន្ថែមថា ការប្រគល់ ធ្វើឡើងនៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំចាប់ផ្តើម នូវដំណើរការកំណែប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា ត្រូវបានកំពុងប្រព្រឹត្តិរយៈពេលពីរថ្ងៃ គឺថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦ ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានបេក្ខជនប្រឡងសរុប៩៣,៧៥២នាក់ មានមណ្ឌលប្រឡង១៥៧ ចែកចេញជា ៣,៧៨២ បន្ទប់ នៅរាជធានី-ខេត្តទាំង ២៥៕