(កំពង់ធំ)៖ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងដាក់ចេញទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។

ពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះវត្តមានរបស់នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ព្រមទាំងប្រតិភូអមដំណើរ ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញជាអធិបតីភាពចូលរួមក្នុងពិធីសន្និបាត ដ៏មានសារៈសំខាន់នៅថ្ងៃនេះ។

លោកបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួន ដែលគណៈកម្មាធិការអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សម្រេចបានក្នុងឆ្នាំ២០២៣ មានជាអាទិ៍៖ ការបំពាក់គ្រឿងឥស្សរិយយសការពារជាតិ និងឧបត្ថម្ភថវិកាជូនអតីតយុទ្ធជន ចំនួន៣.៤៤៧នាក់  ដែលមានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ។

ការបើកប្រាក់បេឡាមរណសង្គ្រោះជូនគ្រួសារសពក្នុងឆ្នាំនេះមានចំនួន៨៧សព និងការបើកប្រាក់ធានារ៉ាប់រងសង្គម ជូនគ្រួសារសពអតីតយុទ្ធជន បានចំនួន៦១គ្រួសារ។ ក្រៅពីនោះទៀត គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ គ្រប់លំដាប់ថ្នាក់បានសំណេះសំណាលសាកសួរសុខទុក្ខនិងឧបត្ថម្ភស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតបានចំនួន ១៩៨លើក ស្មើចំនួន១.៥០២គ្រួសារ   ។

ទេសរដ្ឋមន្រ្តី គន់ គីម បានកោតសរសើរឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់គ្រប់បែបយ៉ាង ដើម្បីបង្កលក្ខណៈងាយស្រួល និងការដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជន ក្នុងខេត្តបានទាន់ពេលវេលា និងបានថ្លែងអំណរគុណអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្តកំពង់ធំ ដែលបានបង្កលក្ខណះងាយស្រួល ជួយដោះស្រាយនូវរាល់ការលំបាកដល់គណៈកម្មាធិការសមាគមកម្ពុជាខេត្ត នាពេលកន្លងមកបានយ៉ាងល្អប្រសើរផងដែរ។

នាយឧត្តមសេនីយ៍ គន់ គីម បានប្រគល់ទិសដៅភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់អាជ្ញាធរខេត្ត និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងបណ្ដាមន្ទីរ ស្ថាប័ន អង្គភាពទាំងអស់ ត្រូវខិតខំបន្តយកចិត្តទុកដាក់មើលថែទាំសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ព្រោះបងប្អូនអតីតយុទ្ធជន គឺជាអ្នកដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងបានរួមចំណែកជាមួយសម្តេចតេជោ អនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាពដូចសព្វថ្ងៃនេះ។

នៅក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ គន់ គីម បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់អតីតយុទ្ធជនចំនួន ៨១នាក់ ដែលមានស្នាដៃល្អក្នុងចលនាប្រឡងប្រណាំង៣ល្អផងដែរ៕