(ភ្នំពេញ)៖ នៅទីបំផុត ជនបង្កដែលបើករថយន្ដម៉ាក Hummer បុកមនុស្ស២នាក់ស្លាប់ទាំងកណ្ដាលរាត្រី នៅខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ បានចូលខ្លួនមកសារភាពទោសកំហុសនៅចំពោះមុខសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយចូលមកសារភាពទោសកំហុស នៅពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

ជនបង្កដែលជាអ្នកបើករថយន្ដ Hummer នេះឈ្មោះ យ៉េត ច័ន្ទគ្រិះស្នា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ 41 ផ្លូវបេតុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អមខ ណ្ឌសែនសុខ មុខរបរនៅផ្ទះ។

សូមរំលឹកថា នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ហើយរថយន្ដបើកគេចខ្លួនបាត់នៅចំណុចទល់មុខផ្ទះលេខ 53E ផ្លូព្រះសុីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ម៉ូតូជនរងគ្រោះ ម៉ាក NEX ពណ៌ស ពាក់ផ្លាកលេខព្រៃវែង1Q-7635 ជិះគ្នា៣នាក់ (ប្ដី ប្រពន្ធ និងកូនអាយុ២ឆ្នាំ) បើកបរទិសដៅពីត្បូងទៅជើង ចំណែកភាគីរថយន្តបង្កមិនស្គាលម៉ាក (សង្ស័យរថយន្ដ Hammer) មិនចាំផ្លាកលេខ បើកបរទិសដៅស្របគ្នា បានបុកម៉ូតូពីខាងក្រោយយ៉ាងពេញទំហឹង។

ក្នុងហេតុការណ៍នេះ បណ្ដាលប្រពន្ធឈ្មោះ គ្រួច សាមិត្ត អាយុ២០ឆ្នាំ ស្នាក់នៅភូមិដីថុយ ឃុំដីថុយ ស្រុកបាភ្នំ ខេត្តព្រៃវែង និងកូនអាយុ២ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈប្ដីរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ដោយឡែក រថយន្ដបង្កបានបើកគេចខ្លួនបាត់ស្រមោល។

សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីសប្ដាហ៍កន្លងទៅនេះ ទើបតែបានដាក់បទបញ្ជាដល់កម្លាំងនគរបាលទាំងអស់ ត្រូវចាប់វាយខ្នោះភ្លាមៗចំពោះអ្នកបើកបរទាំងឡាយណា ដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃរហូតបាត់បង់ជីវិត ដោយមិនចាំបាច់សុំគោលការណ៍ពីថ្នាក់ដឹកនាំនោះទេ។ សម្ដេចអះអាងថា មន្ដ្រីនគរបាលដែលអនុវត្តត្រឹមត្រូវតាមច្បាប់បែបនេះ សម្ដេចនឹងតម្លើងឋានន្ដរស័ក្ដិជូនទៀតផង៕