(សៀមរាប)៖ លោក សួស អង្គារ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបការងារលទ្ធផលអនុវត្តគោលនយោបាយ ដល់ ភូមិ-ឃុំ-សង្កាត់ ប៉ុស្តិ៍នគរបាលមានសុវត្ថិភាព ២០២៣លើកទិសដៅ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

ថ្លែងក្នុងឱកាសនោះ លោក សួស អង្គារ បានផ្តល់នូវអនុសាសន៍មួយចំនួនដល់អភិបាលស្រុក ក្រុង មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍ថា ដើម្បីធ្វើការពិនិត្យពិចារណាយកទៅអនុវត្តការងារ ឲ្យកាន់តែមានប្រសិទ្ធភាពនោះ បន្តពង្រឹង និងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ការទទួលខុសត្រូវ និងយកប្រយោជន៍ជាតិជាធំ ដោយមានកិច្ចសហការល្អ ប្រទាក់ក្រឡាជាមួយអាជ្ញាធរដែនដី ស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ សាធារណៈ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។

លោកបានបញ្ជាក់ថា ស្រុក ក្រុង មេឃុំចៅសង្កាត់ មេប៉ុស្តិ៍ត្រូវខិតខំលើកកម្ពស់ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈនៅទូទាំងខេត្ត ដោយជំរុញការផ្សព្វផ្សាយនូវលក្ខណៈសម្បត្តិ នៃគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព តាមរយៈ ការចលនា មន្រ្តីរាជការគ្រប់ៗរូប ផ្នែកឯកជន អង្គការ សង្គមស៊ីវិល សាធារណជនឱ្យចូលរួមអនុវត្ត និងសហការឱ្យបានទូលំទូលាយ និងសស្រាក់សស្រាំនៅទូទាំងខេត្ត។

លោកបានបន្តថា កងកម្លាំងនគរបាល ដែលជាមន្រ្តីអនុវត្តច្បាប់ទាំងអស់ ត្រូវខិតខំលើកកម្ពស់សមត្ថភាព ជំនាញ និងសីលធម៌វិជ្ជាជីវៈ ដោយមានភាពស្អាតស្អំ ព្រមទាំងខិតខំ ប្រឹងប្រែងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងមានយុត្តិធម៌ផង។ ស្រុក ក្រុង មេឃុំចៅសង្កាត់ មេប៉ុស្តិ៍ ត្រូវចូលរួមអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសនានាជាអាទិ៍ បទល្មើសព្រហ្មទណ្ឌ ការជួញដូរមនុស្ស ក្មេងទំនើង ការផលិត ចរាចរណ៍ ប្រើប្រាស់ រក្សាទុកគ្រឿងញឿនគ្រប់ប្រភេទ ល្បែងស៊ីសងជាដើម។

លោក សួស អង្គារ បានជំរុញស្រុក ក្រុង មេឃុំចៅសង្កាត់ មេប៉ុស្តិ៍ ត្រូវបន្តផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានរហ័ស តម្លាភាព ប្រសិទ្ធភាព ជាអាទិ៍ ការផ្តល់សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ បន្តជំរុញ សកម្មភាពក្នុងការធ្វើ និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋ ដែលនៅសេសសល់ និងហួសសុពលភាពឱ្យបានគ្រប់ៗគ្នា ជៀសវាងទង្វើ អសកម្មណាមួយដែលបង្កឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕