(ភ្នំពេញ)៖ លោក គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា កម្ពុជាត្រូវការបំពាក់សម្ភារៈទំនើប និងពង្រឹងសមត្ថភាពក្រុមសង្គ្រោះបន្ថែម ដើម្បីឆ្លើយតបគ្រោះអគ្គិភ័យតាមអគារខ្ពស់ៗ។

ក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់ក្រុមការងារព័ត៌មាន Fresh News នៅស្តង់តាំងពិព័រណ៌ នៅបរិវេនវិមានឈ្នះឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ លោក គីម វីរៈ បានថ្លែងថា សម្រាប់កងកម្លាំងសង្គ្រោះគ្រោះមហន្តរាយ បច្ចុប្បន្ននេះ បានបែងចែកជាពីរប្រភេទ គឺទី១៖ ប្រភេទតាមបណ្តាខេត្ត ក្រុង ដែលមានអភិបាលខេត្តជាប្រធានគណៈកម្មការសង្គ្រោះគ្រោះមហន្តរាយថ្នាក់ខេត្ត និងទី២៖ កម្លាំងកងទ័ព ដែលជាកម្លាំងស្នូល ក្នុងការជួយអន្តរាយគមន៍ឱ្យទាន់ពេលវេលា។ ក្នុងនោះកម្លាំងកងទ័ពដែលចូលរួមក្នុងប្រតិបត្តិសង្គ្រោះមហន្តរាយ មានគ្រប់ភូមិភាគ រហូតដល់កងពល។ ប្រសិនបើពាក់ព័ន្ធនឹងគ្រោះអគ្គិភ័យ បាករលំអគារ គឺគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គឺមានកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០។

លោក គីម វីរៈ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងឆ្លើយតបបាន នៅមានកម្រិត យើងមិនទាន់ជឿនលឿនទៅដល់ប្រទេសដទៃទេ ក៏ប៉ុន្តែ ក្នុងប្រទេសកម្ពុជា ខ្ញុំគិតថាគ្រប់គ្រាន់ក៏ប៉ុន្តែ តម្រូវការគឺនៅតែមាន ដោយសារតែបបច្ចេកវិទ្យាថ្មីៗគឺមានបន្តបន្ទាប់ យើងត្រូវការឧបករណ៍ទំនើបមួយចំនួនដូចជាឧកស៉ីហ្សែន ដើម្បីចុះចូលទៅជួយសង្គ្រោះក្នុងគ្រោះអគ្គិភ័យជាដើម វានៅខ្វះខាត»។

ជាមួយនឹងតម្រូវការនូវសម្ភារៈទំនើបៗបន្ថែម សម្រាប់បម្រើឱ្យប្រតិបត្តិការជួយសង្គ្រោះក្នុងករណីគ្រោះមហន្តរាយនានានោះ លោក គីម វីរៈ បានថ្លែងថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយដៃគូអភិវឌ្ឍន៍ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា កំពុងស្វែងរក និងបំពេញសេចក្តីត្រូវការដើម្បីបំពាក់ជូនកម្លាំងក្នុងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយឱ្យបានគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងស្ថានភាពចំពោះមុខ ជាជំហ៊ានៗ។

អគ្គលេខាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានបន្ថែមថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានកំពុងបន្តហ្វឹកហ្វឺនកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ព្រមទាំងទទួលបាននូវបទពិសោធន៍សង្គ្រោះគ្រោះមហន្តរាយពីបណ្តាប្រទេសផ្សេងជាមិត្តផងដែរ។ ជាក់ស្តែងកន្លងមកនេះ កម្ពុជាបានបន្តបញ្ជូនកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ ទៅធ្វើការហ្វឹកហ្វឺន និងធ្វើលំហាត់នៅប្រទេសជប៉ុនជាដើម។

លោក គីម វីរៈ បានលើកឡើងថា៖ «សម្រាប់ផែនការបន្តនោះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនឹងពុះពារបំពាក់សម្ភារៈ ឧបករណ៍ បើទោះបីជាកងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ មានជំនាញយ៉ាងណាក៏ដោយ តែប្រសិនបើគាត់អត់មានសម្ភារៈ ឧបករណ៍គ្រប់គ្រាន់ គាត់មិនអាចប្រតិបត្តិការបានទេ»។

លោក គីម វីរៈ បានគូសបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រោះនឹងស្នើទៅរាជរដ្ឋាភិបាលដោយផ្តោតសំខាន់ទៅលើសម្ភារៈ និងឧបករណ៍ពន្លត់អគ្គីភ័យ ដើម្បីធ្វើយ៉ាងណាឱ្យកងកម្លាំងអាចឆ្លើយតបនឹងគ្រោះថ្នាក់ជាយថាហេតុណាមួយ បានទាន់ពេលវេលា ខណៈបច្ចុប្បន្ននេះរាជធានីភ្នំពេញ មានអគារខ្ពស់ៗជាច្រើនផងដែរ។

លោក គីម វីរៈ បានបន្តថា៖ «សមត្ថភាពហួសពី៥ ទៅ៦ជាន់ គឺគ្រប់គ្រងលែងបានហើយ កាលពីថ្ងៃមុននៅអគារ Sky City មានកម្ពស់តែ៥ជាន់ទេ ក៏ប៉ុន្តែ សឹងតែឡានទឹកយើងបាញ់មិនដល់ អញ្ចឹងគណៈកម្មាធិការជាតិក៏បានរៀបចំផែនការមួយស្នើសុំយោល់ ទី១៖ ធ្វើម៉េចឱ្យសមត្ថភាពឡានទឹកបាញ់ឱ្យបានខ្ពស់ ទី២៖ ឧករណ៍ដែលការពារប្រតិបត្តិករដែលចុះចូលជួយហ្នឹង គឹធ្វើយ៉ាងម៉េចឱ្យមានគ្រប់លក្ខណៈបច្ចេកទេស»៕