(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា​ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ បាននាំយកអំណោយមនុស្សធម៌ រួមមានជាស្បៀង និងគ្រឿងឧបភោគ-បរិភោគ និងថវិកា ចំនួន ១០លានរៀល ផ្ដល់ជូនសមាគម និងទូរទស្សន៍អនឡាញ សំឡេងជនពិការភ្នែក ដែលស្នាក់ការស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ការចុះសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌នេះ បានធ្វើឡើងក្រោមវត្ដមានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខធិការរងទី១ កាកបាទក្រហមកម្ពុជា។

លោកស្រីបានថ្លែងថា «ទោះថ្ងៃនេះយើងបានចូលរួមរៀបចំជាស្តង់ពិព័រណ៌ ក្នុងពិធីអបអរសាទរខួបលើកទី២៥ (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៣) នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ (២៩ ធ្នូ ២០១៨ - ២៩ ធ្នូ ២០២៣) នៃការកសាងវិមានឈ្នះ ឈ្នះ ក៏យើងនៅតែឆ្លៀតពេលដើម្បីនាំយកអំណោយមនុស្សធម៌ សម្រាលបន្ទុកនៃភាពខ្វះខាតរបស់សមាគមវិទ្យុ និងទូរទស្សន៍អនឡាញ សំឡេងជនពិការផងដែរ»។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងបន្ដថា ការផ្ដល់អំណោយជាស្បៀងអាហារ និងថវិកា ជូនដល់សមាគមខាងលើនេះ គឺជាលើកទី១ហើយ តាមការស្នើសុំរបស់សមាគមផ្ទាល់ ដែលកំពុងជួបការខ្វះខាត។

សូមបញ្ជាក់ថា សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក មានសមាជិក ៩០នាក់ ដោយស្នាក់ការនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តកំពង់ចាម ដែលត្រូវបានទទួលការឧបត្ថម្ភកសាងទាំងស្រុងពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ដោយសារសមាគមនេះទើបនឹងបង្កើតថ្មី ទើបធ្វើឱ្យបងប្អូនជនមានពិការភាព ជួបប្រទះនូវការលំបាកខាងផ្នែកជីវភាពរស់នៅ។

ហេតុដូចនេះហើយ ដោយមើលឃើញពីសេចក្តីត្រូវការចំពោះមុខ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ផងនោះ ទើបសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ការឧបត្ថម្ភជូននាពេលនេះ ដែលអំណោយរួមមាន៖ អង្ករ ២តោន, អង្ករសុខភាព ២០កេស, មី ២០កេស, ត្រីខ ៥០០កំប៉ុង, ទឹកត្រី ៦០ដប, ទឹកបរិសុទ្ធ ១០កេស, ភេសជ្ជៈ ៥កេស, ស្ករស ៥០គីឡូក្រាម, ទឹកដោះគោខាប់ ១០០កំប៉ុង, អំបិល ១០០គីឡូក្រាម, តែ ១០គីឡូក្រាម, អាល់កុល ៣០ប៊ីដុង និងថវិកា ១០លានរៀល៕