(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ សម្រាប់ប្រជាជាតិខ្មែរទូទាំងប្រទេស ដែលស្ថិតក្រោមមាគ៌ាដឹកនំាដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដនៃកម្ពុជា បានរៀបចំខួប២៥ ឆ្នាំ ដើម្បីអបអរសាទរ និងរំឭកដឹងគុណដល់បុព្វការីជនគ្រប់ៗជំនាន់ ពិសេសស្ថាបនិកសន្ដិភាព ប្រកបដោយភាពអធិកអធមដ៏ប្រពៃថ្លៃថ្លានេះ គឺពិតជាបង្ហាញអំពីប្រពៃណី នៃការគោរពដឹងគុណដ៏ល្អផូរផង់ តំាងពីសម័យចក្រភពអង្គរដ៏រុងរឿងនៃយើង។

ជាក់ស្ដែងក្នុងរាជព្រះបាទឥន្រ្ទវរ្ម័នទី១ឆ្នាំ៨៧៩ ព្រះអង្គបានកសាងប្រាសាទព្រះគោដើម្បីឧទ្ធិសដល់ស្ថាបនិកចក្រភពអង្គរ គឺព្រះបាទជ័យវរ្ម័នទី២ បានបង្រួបបង្រួមប្រទេសឲ្យមានសន្ដិភាព ដែលការគោរពដឹងគុណនេះហៅថា «យសសិរីដល់ជាតិ» ហើយព្រះមហាក្សត្រក្រោយៗមកទៀត សម័យអង្គរបានយកគម្រូតាម រហូតប្រទេសក្លាយជាចក្រភព។

លោក រ័ត្ន សណ្ដាប់ បន្ដថាដូចនេះចំពោះអ្វីដែលយើងឃើញសម្ដេចធិបតី បានរៀបចំកិច្ចពិធីដឹងរំឭកដឹងគុណដល់ស្ថាបនិកសន្ដិភាពនេះ គឺពិតជាមានគុណតម្លៃថ្លៃថ្លាណាស់ សម្រាប់សង្គមខ្មែរយើង ដែលមានអរិយធម៌៏ដ៏ខ្ពង់ខ្ពស់ឧត្ដុង្គឧត្ដម។ ដោយហេតុថា ការគោរពដឹងគុណ គឺជាការតភ្ជាប់រវាងអតីត បច្ចុប្បន្ន អនាគត កុំឲ្យភ្លេចជាតិ ។ ព្រោះសន្តិភាព នាំមកនូវស្ថិរភាព និងភាពសុខដុមរមនាក្នុងសង្គម ជំរុញកំណើនសេដ្ឋកិច្ច ភាពស្អិតរមួតក្នុងសង្គម និងការការពារសិទ្ធិមនុស្ស។

បើពោលឲ្យចំ តម្លៃសន្តិភាព មិនមែនគ្រាន់តែអវត្ដមាននៃសង្គ្រាមប៉ុណ្ណោះទេ ផ្ទុយទៅវិញគឺជាផ្លូវនៃជីវិតដោយផ្អែកលើការយល់ដឹង ការអត់ឱន និងការឯកភាពជាតិ និងជាវិញ្ញាណដែលព្យាបាលនៃការបែកបាក់ជាតិ។ ហេតុនេះការជ្រើសរើសសន្តិភាព ពុំមែនជាភាពទន់ខ្សោយនោះទេ ផ្ទុយទៅវិញជាការបង្ហាញអំពីការតស៊ូ ការផ្លាស់ប្តូរសង្គមដោយអហិង្សាបំផុត គឺជាអ្នកបង្កើតសន្ដិភាព។ ដូច្នេះបើប្រជាជាតិខ្មែរគោរពដឹងគុណបុព្វការីជនខ្លួន គឺខ្មែរនឹងខ្លំាង ដូចសម័យចក្រភពអង្គរម្ដងទៀតជាក់ជាពុំខាន៕