(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៩៨ សម្តេចតេជោ ហ៊ុន សែន បានលះបង់សាច់ស្រស់ ឈាមស្រស់ជាលើកទីពីរ ដើម្បីចូលរូងខ្លា ក្នុងការប្តូរមក វិញនូវ ផែនដីទាំង មូលជូនប្រជាជន កម្ពុជា សម្តេចតេជោបានធ្វើដំណើរទៅតំបន់ប៉ៃលិន ខណៈពេលនោះ អៀង សារី និងកម្លាំងកងពល៤៥០ របស់លោក សុខ ភាព នៅម៉ាឡៃ និងកងពល៤១៥ របស់លោក អ៉ី ឈាន នៅប៉ៃលិន បានបះបោរផ្តាច់ខ្លួន ប៉ុន្តែមិនទាន់ធ្វើសមាហរណកម្មចូលជាមួយរាជរដ្ឋាភិបាលទេ។

នេះជាទស្សនកិច្ចមួយដែលគេហៅថាជាការសម្រេចចិត្តមួយដ៏អង់អាចក្លាហាន របស់សម្តេចតេជោ ហ៊ុន សែន ចូលក្នុងរូងខ្លា ខ្មែរក្រហមដែលជាគូបក្ខដិបក្ខទី១ របស់សម្តេច។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានរំឭកជាច្រើនលើកច្រើនសាថា មាតានិងម្តាយធំជាទីស្រឡាញ់របស់សម្តេចបានឃាត់សម្តេចមិនឱ្យទៅកាន់តំបន់ខ្មែរក្រហមឡើយ ប៉ុន្តែសម្តេចបានជម្រាបមាតា និងម្តាយធំសម្តេចថា៖ «បើខ្ញុំចូលទៅស្លាប់ គឺស្លាប់តែម្នាក់ឯង ប៉ុន្តែបើបានជោគជ័យគឺយើងនឹងទទួលបានផែនដីទាំងមូល»។ អ្វីដែលជាឆន្ទៈការតាំងចិត្តរបស់ សម្តេច នៅពេលនោះ ឥឡូវនេះ ជាតិ និងប្រជាជនកម្ពុជាកំពុងតែទទួលបានសុខសន្តិភាពពេញបរិបូរណ៍ និងជាការពិតនៃប្រវត្តិសាស្ត្រ។

យុទ្ធសាស្ត្រឌីហ្វីដ ទទួលបានជោគជ័យដ៏ធំធេង និងនយោបាយ ឈ្នះ ឈ្នះ ដែលបានផ្តួចផ្តើមគំនិត និងចង្អុលបង្ហាញដោយសម្តេចតេជោ ហ៊ុន សែន នៅក្នុងការំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមដែលមានអាយុជាងកន្លះសតវត្សរ៍ នាំយកសុខសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ ឯកភាពជាតិ និងឯកភាពទឹកដីជូនជាតិ និងប្រជាជនកម្ពុជា នៅក្នុងរយៈពេល៥០០ ឆ្នាំចុងក្រោយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។

ការចូលរួមពីភាគីពាក់ព័ន្ធពិសេសបងប្អូនអតីតទាហានខ្មែរក្រហម និងចុងក្រោយមេដឹក នាំខ្មែរក្រហម ដែលបានមកដល់ផ្ទះសម្តេចនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយជាករណីតែមួយគត់នៅលើពិភពលោក ដែលកើតចេញពីជំនួបនេះ ភាគីជម្លោះទាំងអស់បានបង្ហាញពីការឯកភាពគ្នា និងស្រុះស្រួលគ្នាក្នុងការធ្វើសមាហរណកម្មកងកម្លាំងប្រដាប់អាវុធ សំដៅស្វែងរកសន្តិភាព និងសេចក្ដីសុខជូនប្រជាជន ។ មិនទាន់មានសង្គ្រាមណាមួយដែលបានបញ្ចប់ទៅដោយការធ្វើដំណើរមកផ្ទះនាយករដ្ឋមន្ត្រីរបស់ថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានសភា គណៈរដ្ឋមន្ត្រីបានមកដល់ផ្ទះនាយករដ្ឋមន្ត្រីនោះទេ។ ដូច្នេះចំណុចនេះ បង្ហាញយ៉ាងច្បាស់ពីការមិនចង់បន្តសង្គ្រាមនៃបងប្អូននាយទាហាន នាយទាហានរង និងពលទាហានរបស់ខ្មែរក្រហម។

នយោបាយ ឈ្នះ ឈ្នះ គឺធម៌ខន្តី និងសិល្បៈសម្បទាននៃទស្សនវិជ្ជាសន្តិភាព ដែលស្ថិតក្នុងយុទ្ធសាស្ត្របញ្ចប់សង្រ្គាមស៊ីវិល យុទ្ធសាស្ត្រប្រឆាំងនឹងសង្គ្រាមឈ្លប ឬ ឧទ្ទាមកម្មហើយយុទ្ធសាស្ត្របែបនេះបានបន្តអនុវត្តរហូតមក ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការចាត់វិធានការបង្ការ និងបង្ក្រាបភេរវកម្មពេលក្រោយមកទៀត។

មិនមានការសងសឹកគ្នាដូចដែលសម្តេចតេជោ ហ៊ុន សែន បិតានៃនយោបាយឈ្នះឈ្នះ មានការព្រួយបារម្ភនោះទេ នេះជាបទពិសោធល្អបំផុតសម្រាប់ប្រទេសកម្ពុជា។ នៅពេលដែលសម្តេចអញ្ជើញទៅដល់តំបន់ប៉ៃលិន ម៉ាឡៃ និងតំបន់ផ្សេងទៀតបានឃើញប្រជាជនជាច្រើនដែលមកតាំងទីលំនៅថ្មីនៅតំបន់អតីតខ្មែរក្រហម។ ឃើញថានៅពេលដែលតំបន់ខ្មែរក្រហមមានសន្តិភាព ពលរដ្ឋផ្សេងទៀតដែលខ្វះដីបានមកតាំងទីរស់នៅលើដីថ្មី។ មេទ័ព និងមេទ័ពលែងក្លាយជាគូសត្រូវប្រយុទ្ធគ្នាទៀតហើយ តែបានក្លាយទៅជាមិត្តភ័ក្តិនឹងគ្នា ចំណែកប្រជាពលរដ្ឋក៏បានរស់នៅក្នុងភាពសុខុដុម។

នយោបាយ ឈ្នះ ឈ្នះ គឺការបង្កើតជំនឿការទុកចិត្តគ្នាទៅវិញទៅមក នោះគឺការទទួលស្គាល់ថានៅក្នុងការធើ្វសង្គ្រាមបំផ្លិចបំផ្លាញ ប្រាកដជាមិនអាចមានអ្នកឈ្នះនោះទេ ហើយការ ចងអាឃាតព្យាបាទ ក៏មិនអាចនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនបានដែរ។ ការមិនសងសឹកចងអាឃាតព្យាបាទគ្នាពីសំណាក់ប្រជាជន ដែលធ្លាប់រស់នៅតំបន់កាន់កាប់ផ្សេងគ្នា និងពីសំណាក់កម្លាំងប្រដាប់អាវុធដែលធ្លាប់តែប្រយុទ្ធគ្នា គឺជាមូលហេតុដ៏សំខាន់មួយទៀត ដែលបង្កលក្ខណៈឱ្យអនុវត្តការបញ្ចប់សង្គ្រាមបានដោយជោគជ័យនៅកម្ពុជា ចំណុចល្អពិសេសគឺការមិនសងសឹកគ្នា មិនចាត់ទុកគ្នាថាជាអ្នកចាញ់ ឬអ្នកឈ្នះ គឺឈ្នះទាំងអស់គ្នា។

សន្តិភាព និងការបង្រួបបង្រួមជាតិគឺសម្រាប់ទាំងអស់គ្នា ដូច្នេះហើយបានជាព្រំដែនផ្ទៃក្នុងរវាងតំបន់មួយទៅតំបន់មួយទៀតត្រូវបានរំលាយចោលប្រជាជនទៅមករកគ្នា។ ជាតិសាសន៍មានតែមួយ ហើយទទួលបាននូវការអភិវឌ្ឍ និងផលប្រយោជន៍ដូចគ្នា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ និងច្បាប់តែមួយ រដ្ឋាភិបាលតែមួយ។ រីឯកម្លាំងប្រដាប់អាវុធដែលធ្លាប់តែច្បាំងគ្នា ក៏វិលមករស់នៅជាមួយគ្នា ដោយគ្មានការបែងចែក ឬរើសអើងក្នុងឯកសណ្ឋាន និងទឹកចិត្តស្នេហាជាតិ ស្នេហាប្រជាជនដូចគ្នា។

ថ្ងៃទី២៩ ខែធ្នូ គឺជាទិវាប្រវត្តិសាស្រ្តនៃការបញ្ចប់ជម្លោះផ្ទៃក្នុងកម្ពុជា ដែលបាននាំមកវិញនូវសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ។

ជោគជ័យនៃការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ កើតចេញពីគំនិតផ្តួចផ្តើម និងទស្សនវិស័យសន្តិភាព របស់សម្តេចតេជោ ហ៊ុន សែន ដែលជាតួអង្គដ៏សំខាន់ ក្នុងការស្វែងរកការចរចានៃការបញ្ចប់ជម្លោះ ដោយយន្តការដោះស្រាយបញ្ហាខ្មែរ ដោយខ្មែរនឹងខ្មែរគ្នាឯង។

នយោបាយឈ្នះ ឈ្នះ គឺជារូបមន្តបញ្ចប់សង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃនៅកម្ពុជាដែលអូសបន្លាយរយៈពេលជាង ៣ ទសវត្សរ៍ និងជាមរតកដ៏មហាសាលសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្រោមបេសកកម្មនៃការតស៊ូ លះបង់សាច់ស្រស់ ឈាមស្រស់ និងយកជីវិតធ្វើជាដើមទុន នៃឥស្សរជន អ្នកស្នេហាជាតិ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកផ្ទាល់នៃនយោបាយឈ្នះឈ្នះ ក្នុងដំណើការសង្គ្រោះជាតិពីភ្នក់ភ្លើងសង្គ្រាម។

ដើម្បីចូលរួមចំណែកនៅក្នុងថ្ងៃខួប២៥ នៃនយោបាយឈ្នះឈ្នះ នេះ ផងដែរ លោកអនុបណ្ឌិត រស់ សាវី ក៏បានចេញផ្សាយសៀវភៅជាស្នាដៃរបស់លោកដែលមានចំណងជើងថា «វីរបុរសជាតិនៃសន្តិភាព» ដែលមាន ៤៩៨ ទំព័រ សម្រាប់សិស្ស និស្សិត និងប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់បានសិក្សា ស្រាវជ្រាវ រៀនសូត្រ ដកស្រង់បទពិសោធន៍ពីនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្សះផ្សារបង្រួបបង្រួមជាតិដោយដៃកូនខ្មែរសុទ្ធសាធ ហើយសៀវភៅនេះក៏បានតម្កល់ក្នុងបណ្ណាល័យនៅវិមានឈ្នះឈ្នះ ផងដែរ។

យើងទាំងអស់គ្នាជាយុវជនបន្តវេន ពិតជាបានរៀនសូត្រ និងចងចាំជាប់ជានិច្ច នូវទស្សនៈ ចក្ខុវិស័យ និងឧត្តមគតិបង្រួបបង្រួមជាតិ ឯកភាពជាតិ ព្រមទាំងការលះបង់គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំជំនាន់មុន ក្នុងការស្វែងរកសុខសន្តិភាពជូនជាតិ មាតុភូមិ។ ជាមួយគ្នានេះ យើងទាំងអស់សូមប្តេជ្ញា រក្សា ការពារ ឱ្យបានខាងតែបាននូវកេរ ដំណែលនៃសុខសន្តិភាព និងការអភិវឌ្ឍមិនឱ្យបាត់បង់ និងធ្លាក់ក្នុងភ្លើងសង្រ្គាមសារជាថ្មីជាដាច់ខាត៕