(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំលើកទី៣០ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាពរបស់លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព លើកទី២៩ អាណត្តិទី៣ និងស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ។

ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងខែធ្នូ៖ មានមន្ត្រីចំនួន ២៩៩នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ១៩៦នាក់ និងមន្ត្រី ១០៣នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើកចុងក្រោយដោយមូលហេតុលាឈប់ពីការងារ ចូលនិវត្តន៍ និងចប់អាណត្តិ។ ការងារពាក្យប្ដឹង៖ អ.ប.ព. បានដំណើរការពិនិត្យវិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែធ្នូនេះចំនួន ៣១ពាក្យប្ដឹង។

ការងារអប់រំ៖ មេធាវីចំនួន ៥៤៧រូប ជាកម្មសិក្សាការីសុក្រឹតការវិជ្ជាជីវៈមេធាវី ចែកជា ៣វគ្គ បានទទួលការសិក្សាអំពីច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែល អ.ប.ព. រៀបចំឧទ្ទេសនាមជា ០៦មេរៀន ដើម្បីបំប៉នបន្ថែមក្នុងវគ្គទី១៥នេះ ។ ដូជាជា ១៖ សញ្ញាណនៃអំពើពុករលួយ ២៖ ការប្រឆាំងអំពើពុករលួយនៅកម្ពុជា ៣៖ បទល្មើសពុករលួយ និងទោស ៤៖ នីតិវិធីស៊ើបអង្កត បទល្មើសពុករលួយ ៥៖ កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រឆាំងអំពើពុករលួយ និង ៦៖​ក្រមសីលធម៌ អ.ប.ព. បានផ្តល់ជូនកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល (វគ្គវិក្រឹតការមន្តី ជាន់ខ្ពស់ចំនួន ០៣ក្រុម និងវគ្គវិក្រឹតការមន្ត្រីមធ្យមចំនួន ០៣ក្រុម។

ការងារបង្ការ ទប់ស្កាត់អំពើពុករលួយ៖ អ.ប.ព. បានចូលរួមសង្កេតការណ៍ការប្រឡងចំនួន៤លើក រួមមាន៖ (1) ការប្រឡងជ្រើសរើស បេក្ខជនចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស (DES) នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ចំនួន ២៥៨នាក់ ក្នុងចំណោមបេក្ខជនចំនួន ៦៥៩នាក់ (2) ការប្រឡងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញាជំនាន់ទី១២ នៃបណ្ឌិត្យសភាភូមិន្ទ យុត្តិធម៌កម្ពុជា ចំនួន ៧៥រូប ក្នុងចំណោមបេក្ខជនចំនួន ៦២៣រូប (3) ការប្រឡងជ្រើសរើសមន្ត្រី កសិកម្មឃុំឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ ចំនួន ២៥០នាក់ ក្នុងចំណោមបេក្ខជនចំនួន ៣.៣៨១នាក់ និងទី(4) ការប្រឡងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី៩ ចំនួន ១០០នាក់ ក្នុងចំណោមបេក្ខជនចំនួន ១.៤៤៨នាក់។ អ.ប.ព. សង្កត ឃើញថាដំណើរការនៃការប្រឡងទាំង០៤ ខាងលើនេះ បានប្រព្រឹត្តទៅដោយរលូន និងតម្លភាពនៅគ្រប់ដំណាក់កាល នៃដំណើរការប្រឡង។

ក្រៅពីនេះ អ.ប.ព. បានចុះសង្កេតការណ៍លទ្ធកម្មសាធារណៈចំនួន ១៣គម្រោង របស់អង្គភាពលទ្ធកម្មចំនួន ០៧ អង្គភាព និងបានចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្ដែងមួយចំនួនទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។

ការងារបណ្តុះបណ្ដាល៖ មន្ត្រី អ.ប.ព. ចំនួន ៥២រូប បានទទួលការបណ្តុះបណ្តាលស្តីពីនីតិវិធី និងបច្ចេកទេសសវនកម្មផ្ទៃក្នុង ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រៅពីនេះ អ.ប.ព. បានទទួលការបណ្តុះបណ្តាលពីក្រៅប្រទេសចំនួន ១វគ្គ ស្តីពីអភិបាលកិច្ចល្អលើកទី១៧ សម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ ដែលរៀបចំឡើងដោយវិទ្យាស្ថានអាស៊ី និងចុងបូព៌ារបស់អង្គការសហប្រជាជាតិសម្រាប់ ការទប់ស្កាត់ឧក្រិដ្ឋកម្ម និងការប្រព្រឹត្តចំពោះជនល្មើស (UNAFEI) នៅទីក្រុងតូក្យូ ប្រទេសដប៉ុន។

ការងារអន្តរជាតិ៖ គណៈប្រតិភូ អ.ប.ព. បានអញ្ជើញទៅចូលរួមសន្និសីទលើកទី១០ នៃរដ្ឋភាគីអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (CoSP10 នៅទីក្រុងអាតាឡង់ សហរដ្ឋអាមេរិក។ ជាមួយគ្នានេះដែរគណៈប្រតិភូ អ.ប.ព. ក៏បានចូលរួមកិច្ចប្រជុំដាច់ដោយឡែកស្ដីពីការកសាងសុចរិតភាពផ្លូវ និងខ្សែក្រវ៉ាត់ ជាមួយគណៈកម្មការជាតិត្រួតពិនិត្យកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន នៅមជ្ឈមណ្ឌលសន្និបាតពិភពលោក Georgia ផងដែរ៕