(ព្រះសីហនុ)៖ ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ត្រូវប្រកាសជាផ្លូវការ ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ដោយទទួលជ័យលាភី ពីសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA)។

ពិធីប្រកាសនេះបានធ្វើឡើងក្រោមអធិបតីភាពពីលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ មានការចូលរួមដោយអនុរដ្ឋលេខាធិការ ប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ នាយកនាយករងរដ្ឋបាលខេត្ត លោក/លោកស្រី មន្ត្រីរាជការរដ្ឋបាលក្រុង ចៅសង្កាត់ កងកម្លាំងទាំង៣ រួមទាំងក្រុមការងារយុវជន ស.ស.យ.ក និងក្រុមការងារយុវជនក្រុមប្រាំបី អាជីវករ ប្រតិបត្តិទេសចរណ៍ ជាច្រើនកុះករ។

លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានថ្លែងថា ការរៀបចំក្រុងព្រះសីហនុ ជាទីក្រុងគ្មានផ្សែងបារី ដោយក្រុងព្រះសីហនុមានទីតាំងភូមិសាស្ត្រដ៏មានសក្ដានុពលក្នុងចំណោមក្រុង-ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដែលស្ថិតនៅប៉ែកនារតី នៃប្រទេសកម្ពុជា ដោយមានធនធានធម្មជាតិ ដ៏សម្បូរបែប ព្រមទាំងមានប្រជាពលរដ្ឋប្រមាណ ១៤ម៉ឺននាក់ រួមទាំងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតប្រវែង ២៤,៥គីឡូម៉ែត្រ និងកោះចំនួន៥ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញទេសចរណ៍ ទាំងក្នុងស្រុក និងក្រៅស្រុកមកសម្រាកលេងកម្សាន្ត នៅក្នុងក្រុងព្រះសីហនុ ហើយបន្ទាប់ពីទទួលបានការណែនាំ ពីក្រសួងទេសចរណ៍ និងការណែនាំពីលោកអភិបាលនៃគណៈអភិបាលខេត្ត រដ្ឋបាលក្រុង និងមន្ទីរទេសចរណ៍ខេត្ត បានចូលរួមសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាព ដើម្បីរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី ទៅលើប្រធានបទ «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» និង «នីតិវិធីប្រតិបត្តិស្តង់ដារអប្បរមា ស្តីពីការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍» ហើយដោយក្នុងនោះមានការចូលរួមពីសំណាក់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ក្រុមយុវជន អាជីវករ លោកគ្រូ-អ្នកគូ្រ សិស្សានុសិស្ស បានរៀបចំយុទ្ធនាការផ្សព្វផ្សាយ «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»

លោក ឡុង ឌីម៉ង់ អភិបាលយរងខេត្តព្រះសីហនុ បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីក្រសួងទេសចរណ៍ ដែលបានខិតខំជំរុញការងារទីក្រុងទេសចរណ៍គ្មានផ្សែងបារី នៅក្រុងព្រះសីហនុ ព្រមទាំងបានរៀបចំកម្មវិធីសិក្ខាសាលាជាបន្តបន្ទាប់ ក្នុងការចុះយុទ្ធនាការបិទស្លាកហាមជក់បារី រួមទាំងបដាផ្សព្វផ្សាយ និងការចុះត្រួតពិនិត្យវាយតម្លៃជាក់ស្ដែង លើការអនុវត្តគោលការណ៍ណែនាំ ស្ដីពីការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី នាពេលកន្លងមករហូតទទួលបានការគាំទ្រ ពីអង្គការសុខភាពពិភពលោក (WHO) ក្នុងការប្រកាសទទួលស្គាល់ក្រុងព្រះសីហនុ ជាទីក្រុងទេសចរគ្មានផ្សែងបារីនាពេលនេះ។

លោកបានបន្តថា លទ្ធផលទាំងនេះបានមកពីការចូលរួមខិតខំប្រឹងប្រែង យ៉ាងសកម្មប្រកបដោយឆន្ទៈមោះមុត និងការទទួលខុសត្រូវខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុង មន្ទីរអង្គភាពពាក់ព័ន្ធ អាជីវករ នៃសេវាកម្មផ្សេងៗ រួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។

លោក ហោ សារុន បានអបអរសាទរ ក្នុងការប្រកាសជ័យលាភីទីក្រុងទេសចរណ៍គ្មានផ្សែងបារី គឺជាប្រសិទ្ធនាមដែលមានការទទួលស្គាល់ជាផ្លូវការ ពីក្រសួងទេសចរណ៍ ចំពោះបណ្ដាក្រុង ស្រុក ខណ្ឌដែលបានអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ បានល្អប្រសើរ ហើយជ័យលាភី គឺមានការទទួលស្គាល់ ដោយបណ្ដាទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក SCAN (Smoke-free Cities Asia Pacific Network) និងសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់ HHW SEATCA (Southeast Asia Tobacco Control Alliance) ផងដែរ។

លើសពីនេះទៀតការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី ក៏មានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO) ដែលបានបញ្ជាក់ឱ្យឃើញថា ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារីនេះ មិនត្រឹមតែលើកកម្ពស់សុខុមាលភាពភ្ញៀវទេសចរ និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមលើកកម្ពស់សុខភាពសាធារណៈ តាមរយៈការចូលរួមកាត់បន្ថយផលប៉ះពាល់ពីការប្រើប្រាស់ផលិតផលថ្នាំជក់ មកលើសង្គមជាតិ ទាំងមូលទៀតផង។

លោក ហោ សារុន សូមការកោតសរសើរ និងអបអរសាទរចំពោះក្រុងព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍រហូតទទួលបានជ័យលាភី ហើយសមិទ្ធផលដែលក្រុងព្រះសីហនុសម្រេចបាននៅថ្ងៃនេះកើតចេញពីការតាំងចិត្តមោះមុតរបស់រដ្ឋបាល៕