(សៀមរាប)៖ នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យទី៩ និងជំរុញការអនុវត្តគោលយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពខេត្តសៀមរាប បានជំរុញឱ្យរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំជំរុញអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យកាន់តែប្រសើរឡើងថែមទៀត និងធ្វើយ៉ាងណាឱ្យសម្រេចបាននៅយុទ្ធសាស្ត្រ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងការធានា នូវសុវត្ថិភាពសាធារណៈ សន្តិសុខសណ្ដាប់ធ្នាប់ដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តសៀមរាបផងដែរ។
នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានលើកឡើងយ៉ាងដូចនេះក្នុងកិច្ចប្រជុំជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តសៀមរាប ដោយមានការចូលរួមពីលោក សួស សុចាន់ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លី សំរិទ្ធ អភិបាលរងខេត្ត និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តអចិន្ត្រៃយ៍ខេត្តសៀមរាប និងលោកអនុរដ្ឋលេខាធិការ ព្រមទាំងព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើនផងដែរ។
នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានបន្តថា កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងបង្រ្កាបរាល់បទល្មើសផ្សេងៗ នៅតាមមូលដ្ឋាន ដូចជាបញ្ហាគ្រឿងញៀន ការជួញដូរ ចែកចាយ ការប្រើប្រាស់ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ចោរលួច ចោឆក់ ក្មេងទំនើង បទល្មើសនេសាទ ការកាប់ទន្ទ្រានព្រៃលិចទឹកជាដើម កុំឱ្យកើតមានឡើងនៅមូលដ្ឋានខ្លួន។ ត្រូវរួមគ្នាធានាឱ្យបាននូវសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព របៀបរៀបរយ ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ស្របទៅតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៩ ចំណុច ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ និងបន្តការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ និងលិខិតបទដ្ឋាននានា បញ្ជ្រាបដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងគ្រឹះស្ថានសិក្សាជាប្រចាំ តាមរយៈនគរបាល និងសហគមន៍។
នាយឧត្តមសេនីយ៍ បានបន្តទៀតថា ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ធ្វើឲ្យរដ្ឋបាលខេត្ត ទប់ស្កាត់បាននូវបទល្មើសនានា ក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន ចោរកម្ម ល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ ការជួញដូរមនុស្ស ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ បទល្មើសសេដ្ឋកិច្ច បទល្មើសនានាតាមច្រកព្រំដែន និងច្រករបៀងនានា ត្រូវបានបង្ក្រាប ទប់ស្កាត់ បានទាន់ពេលវេលា និងមានវិធានការចុះអប់រំផ្សព្វផ្សាយជាប្រចាំផងដែរ។ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ធ្វើឲ្យប្រទេសជាតិ មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គឺជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត មានការរីកចម្រើនផងដែរ។
នាយឧត្តមសេនីយ៍ ក៏បានវាយខ្ពស់ទៅលើលទ្ធផល ដែលរដ្ឋបាលខេត្តទទួលបាន ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ដែលរួមសហការគ្នាយ៉ាងល្អក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» និងសម្តែងការអបអរសាទរចំពោះឃុំ-សង្កាត់ ដែលទទួលចំណាត់ថ្នាក់ល្អ ក្នុងការប្រឡងប្រណាំងការនុវត្តគោលនយោបាយខាងលើ។
នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់អនុវត្ត បង្ក្រាបនៅបទល្មើសផ្សេងៗ ជាពិសេសគ្រឿងញៀនដែលជាបញ្ហាមួយដល់ សំខាន់សម្រាប់ប្រទេសជាតិ។ ព្រោះថាគ្រឿងញៀននេះធ្វើឱ្យខូចនៅសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាបង្កនូវភាពចលាចលផងដែរ។
ទន្ទឹមនឹងនោះដែរ លោក លី សំរិទ្ធ បានលើកឡើងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍ និងការវិនិយោគ ព្រមទាំងសម្រាប់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរបស់សាធារណៈជនទូទៅ ក៏ដូចប្រជាពលរដ្ឋទូទាំងខេត្ត ទទួលបានភាពកក់ក្តៅក្នុងជីវភាព សង្គម វប្បធម៌ សេដ្ឋកិច្ច នៅគ្រប់មជ្ឈដ្ឋានទូទាំង ខេត្ត ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចូលមកទស្សនាកម្សាន្តនៅរមណីយដ្ឋានអង្គរ។
លោកបានបញ្ជាក់ថា ករណីមួយចំនួន ដែលត្រូវគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ក្នុងការស្រាវជ្រាវបង្ក្រាប់ឱ្យខាងតែបាននូវអំពើចោរ កម្ម ល្បែងស៊ីសង គ្រឿងញៀន ក្មេងទំនើង និងបទល្មើសផ្សេងៗ។
ក្នុងនោះដែរ រដ្ឋបាលខេត្តក៏បានប្តេជ្ញាបន្តពង្រឹងលើកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំសោភណ្ឌភាព ការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងគម្រោងរៀបចំបង្កើតរចនាសម្ព័ន្ធរដ្ឋបាលក្រុងថ្មី ដើមី្បបម្រើសេដ្ឋកិច្ចសង្គម ស្ថានភាពជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ៕