(បន្ទាយមានជ័យ)៖ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត អមដំណើរដោយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកអភិបាលរងក្រុង មន្ត្រីសាលាក្រុង ចៅសង្កាត់ មេភូមិ និងប្រជាការពារជាច្រើនរូប នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានចុះពិនិត្យទីតាំងសួនប៉ោយប៉ែត តេជោឈ្នះ ឈ្នះ ដើម្បីរៀបចំការប្រគំតន្ត្រីអបអរខួប២៥ឆ្នាំ នយោបាយឈ្នះ-ឈ្នះ នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ និងត្រៀមរៀបចំដាក់សម្ពោធឲ្យប្រើប្រាស់ នៅដើមខែមករា ឆ្នាំ២០២៤។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានលើកឡើងថា សួនប៉ោយប៉ែត តេជោ ឈ្នះ ឈ្នះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅចន្លោះផ្លូវរថភ្លើង និងផ្លូវជាតិលេខ៥ មានប្រវែង២៥០ម៉ែត្រ និងចំណាយថវិកាសាងសង់អស់ជិត១០ម៉ឺនដុល្លាអាមេរិក។ សួននេះ គឺជាសមិទ្ធផលថ្មីមួយក្នុងចំណោមសមិទ្ធផលជាច្រើន របស់ក្រុងប៉ោយប៉ែត ដែលពីមុនទីតាំងនេះ ត្រូវបានគ្របដណ្តប់ដោយសំណង់ មិនរៀបរយរំលោភលើដីចំណីផ្លូវជាតិលេខ៥ និងចំណីផ្លូវរថភ្លើង ប៉ុន្តែនៅដើមខែមេសាឆ្នាំ២០២២កន្លងមក ទីតាំងនេះ ត្រូវបានលោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ដឹកនាំក្រុមការងារចុះដោះស្រាយ សម្របសម្រួលបញ្ចប់បញ្ហា ហើយក៏បានរៀបចំឲ្យក្លាយទៅជាសួនលំអក្រុងប៉ោយប៉ែត សម្រាប់បម្រើជាប្រយោជន៍សាធារណៈ ដែលបានប្រសិទ្ធនាមថា សួនប៉ោយប៉ែត តេជោ ឈ្នះឈ្ន។

លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានថ្លែងថា ការស្ថាបនាសួនប៉ោយប៉ែត តេជោ ឈ្នះ ឈ្នះ គឺផ្តើមចេញពីមរតកនយោបាយឈ្នះឈ្នះ ព្រោះការដោះស្រាយបញ្ចប់វិវាទទាំងស្រុងនៅទីនេះ គឺអនុវត្តតាមបែបឈ្នះឈ្នះ ដោយបានប្រែក្លាយទីតាំងធ្លាប់មានសំណង់មិនរាប់រយជាង៥០គ្រួសាររំលោភលើដីចំណីផ្លូវសាធារណៈ និងចំណីផ្លូវរថភ្លើងនាពេលកន្លងមក ត្រូវបានអភិវឌ្ឍន៍ទៅជាសួនប៉ោយប៉ែត តេជោ ឈ្នះឈ្នះសម្រាប់បម្រើប្រយោជន៍សាធារណៈ តាមរយៈការសន្តោសប្រណីដ៏ថ្លៃ្លថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រទ្ធឹបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទើបលោកអាចមានលទ្ធភាពអាចដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះដោះស្រាយបញ្ចប់វិវាទទាំងស្រុងលើទីតាំងនេះ ហើយប្រជាពលរដ្ឋទាំង៥០គ្រួសារ ស្ម័គ្រចិត្តយល់ព្រមរុះរើចេញពីទីតាំងនេះ ហើយទទួលយកការរស់នៅលើដីឡូតិ៍ស្របច្បាប់ក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ។

លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក៏បានបញ្ជាក់ផងដែរថា នារាត្រីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ រដ្ឋបាលក្រុងប៉ោយប៉ែត សហការជាមួយក្រុមយុវជនស្រលាញ់សន្តិភាព ខេត្តបន្ទាយមានជ័យ នឹងរៀបចំការក្រុមតន្ត្រី ជូនបងប្អូនប្រជាពលរដ្ឋរាំលេងកម្សាន្តនៅបរិវេណសួនប៉ោយប៉ែត តេជោឈ្នះ ឈ្នះ នេះផ្ទាល់ ដើម្បីអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕