(សៀមរាប)៖ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ បានប្រគេនគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដើម្បីចូលរួមចំណែកជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប យកទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះដោយសារឧបទ្ទវហេតុផ្សេងៗ។

ពិធីនេះប្រគេន និងទទួលអំណោយនេះបានធ្វើឡើងនាពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដែលមានការចូលរួមពីសំណាក់លោកស្រី ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាលោក ប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងក្រុមការងារ។

សម្តេចព្រះព្រហ្មរតនមុនី ពិន សែម មានសង្ឃដីកាថា ទេយ្យទានដែលបានប្រគល់ជូននេះ គឺជាទឹកព្រះទ័យរបស់ព្រះសង្ឃគ្រប់ព្រះអង្គ និងទឹកចិត្តឧបាសក ឧបាសិកា ចំណុះវត្តរាជបូណ៌ ដែលរួមសាមគ្គីគ្នាជួយដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដើម្បីឧបត្តម្ភដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ នៅក្នុងសហគមន៍ ស្របតាមពុទ្ធឱវាទនៃព្រះសម្មាសម្ពុទ្ធនៃយើង។ ដោយហេតុថា ពុទ្ធបរិស័ទទាំងអស់ គឺមិត្តរួមជាតិ រួមសាសន៍ និងមិត្តរួមទុក្ខ រស់នៅក្រោមម្លប់នៃព្រះពុទ្ធសាសនាជាមួយគ្នា ដូច្នេះ នៅពេលដែលពុទ្ធបរិស័ទមានជួបទុក្ខលំបាក ព្រះសង្ឃត្រូវតែខ្វល់ខ្វាយជួយជ្រោមជ្រែងញោមញាតិ និងចូលរួមការរំលែកទុក្ខរបស់ពុទ្ធបរិស័ទ ដោយព្រហ្មវិហារធម៌៤ រួមមាន៖ មេត្តា ករុណា មុទិតា និងឧបេក្ខាជាដើម។

ក្នុងឱកាសនោះដែរ លោកស្រី ទុយ ជិ បានថ្លែងអំណរព្រះគុណ និងអរគុណ ចំពោះទឹកព្រះទ័យ និងទឹកចិត្តមនុស្សធម៌របស់សម្តេច និងព្រះសង្ឃ ព្រមទាំងសប្បុរសជនជិតឆ្ងាយ ចំពោះសកម្មភាពការងារមនុស្សធម៌របស់ក្រុមការងារកាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប ដែលជានិច្ចកាលបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ជួបគ្រោះមហន្តរាយផ្សេងៗក្នុងពេលកន្លងមក។ ជាពិសេស គ្រួសារក្រីក្រ ជនងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីម៉េម៉ាយជាដើម ហើយទេយ្យទាន ដែលទទួលបាននាពេលនេះនឹងបន្តប្រគល់ជូនដល់ដៃជនរងគ្រោះនិងងាយរងគ្រោះនៅក្នុងខេត្តជាបន្តបន្ទាប់។

លោកស្រីបានបន្តថា កាកបាទក្រហម គឺជាស្ថាប័នមនុស្សធម៌ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ដែលតែងគិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់ ពូជសាសន៍ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនរយោបាយណាមួយឡើយ។ ជាមួយគ្នានេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្រោមការដឹកនាំដោយលោក ប្រាក់ សោភ័ណ បានពុះពារយកចិត្តទុកដាក់ និងដឹកនាំបំពេញបេសកកម្មការងារមនុស្សធម៌ទូទាំងខេត្ត ក្នុងការចុះសួរសុខទុក្ខអ្នកជម្ងឺ ដែលសម្រាកព្យាលបាលនៅមន្ទីរពេទ្យខេត្ត ការចែកអំណោយដល់គ្រួសារក្រីក្រ ជនគ្មានទីពឹង ជនចាស់ជរា ក្មេងកំព្រា ជនពិការ ចុះសំណេះសំណាល សួរសុខទុក្ខ ផ្តល់សំភារៈការពារ និងថែរក្សា សុខភាព អនាម័យ ដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពនានាផងដែរ។

ទេយ្យទានដែលបានទទួលរួមមាន ថវិកាចំនួន៥លានរៀល, អង្ករ២តោន ត្រីខ៥កេសធំ, មី៥កេសធំ ទឹកត្រី ១០០ដប ទឹកស៊ីអ៉ីវ ១០យួរ ថ្នាំដុសធ្មេញ ១០ដុំ សាប៊ូបោក ២០កញ្ចប់ អំបិល ១០០គីឡូក្រាម សាប៊ូលុច ៦៩ដុំស្មើនឹង២៧៦ដុំតូច ច្រាសដុសធ្មេញ ៦០, ភេសជ្ជៈ៥០កេស, ឆ្នាំងខ្ទះ ៣០, កំសៀវ ២០, ចានស្រាក់ ៧០ និងត្បាល់ ២០ផង​ដែរ៕