(មណ្ឌលគិរី)៖ មូលនិធិជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រគល់ផ្ទះ១ខ្នងជូនជនមានពិការភាពនៅខេត្តមណ្ឌលគិរី នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។

ផ្ទះមូលនិធិជនពិការ១ខ្នង មានទំហំ៤គុណនឹង៦ម៉ែត្រ ធ្វើពីថ្មប្រក់ស័ង្កសី ត្រូវបានប្រគល់ជូនជនមានពិការភាពមានឈ្មោះ ប៊ុន សុខញឹម ភេទស្រី អាយុ៣៥ឆ្នាំ ជាជនមានពិការភាពជើងស្តាំពីកំណើត សព្វថ្ងៃមានសមាជិកក្នុងគ្រួសារ៦នាក់ រស់នៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ពិធីនេះមានការចូលរួមជាអធិបតីពីលោក ហ៊ុត ពន្លឺ នាយករងមូលនិធិជនពិការ តំណាងឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ក្រុមប្រឹក្សាឃុំស្រែខ្ទុម លោកមេភូមិអូរអាម តំណាងស.ស.យ.ក.វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអាជ្ញាធរមូលដ្ឋាន។

ថ្លែងក្នុងកម្មវិធីនេះ លោក ហ៊ុត ពន្លឺ បានបញ្ជាក់ថា ផ្ទះ១ខ្នងនេះប្រើប្រាស់ថវិកាអស់ ២០,០០០,០០០រៀល ដែលថវិកាសាងសង់មួយផ្នែកទទួលបានពីហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការដែលដាក់តាមទីសាធារណៈនានា និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជំនួសមុខឱ្យឯកឧត្តមនាយកមូលនិធិជនពិការ លោកបានផ្តាំផ្ញើរដល់គ្រួសារជនមានពិការភាពម្ចាស់ផ្ទះ សូមចូលរស់នៅក្នុងគេហដ្ឋាននេះឱ្យមានសេចក្តីសុខចម្រើន និងសូមថែរក្សាសុខភាពដើម្បីជៀសផុតពីជំងឺផ្សេងៗ។

ក្នុងពិធីនេះដែរ មូលនិធិជនពិការក៏បានពាំនាំនូវកញ្ចាប់អំណោយរួមមាន៖ អង្ករ២៥គ.ក មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខកំប៉ុង២យួរ អំបិល២កញ្ចប់ ថវិកា១០ម៉ឺនរៀល ជូនគ្រួសារម្ចាស់ផ្ទះដើម្បីសម្រួលដល់ជីវភាព៕