(កំពង់ចាម)៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកឡើងថា បញ្ហាសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ គឺជាវិញ្ញាសា ដែលយើងទាំងអស់គ្នា ត្រូវតែសម្រេចឱ្យបាននៅឆ្នាំ២០២៤។

ការលើកឡើងបែបនេះ របស់លោកប្រធានគុណប្រឹក្សាខេត្ត បានលើកឡើងនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាខេត្តកំពង់ចាម។

លោក ខ្លូត ផន បានថ្លែងថា រយៈពេលពេញមួយឆ្នាំកន្លងមក មន្ត្រីរាជការគ្រប់ថ្នាក់ គ្រប់ផ្នែក បានសស្រាក់សស្រាំចុះធ្វើសកម្មភាពនៅតាមមូលដ្ឋានដើម្បីស្ដាប់សំណូមពរ ក្តីកង្វល់ បញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ ដើម្បីមានវិធានការដោះស្រាយឱ្យបានទាន់ពេលវេលា ពិសេសពេលប្រជាពលរដ្ឋជួបរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ។

ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា ប៉ុន្តែយ៉ាងណាក៏ដោយ ជាទិសដៅសំខាន់ៗសម្រាប់ពេលខាងមុខឆ្នាំ២០២៤ មន្ត្រីរាជការយើងត្រូវអនុវត្តឱ្យបានល្អប្រសើរដូចខាងក្រោម៖ 

*ទី១៖ ត្រូវពង្រឹងការងារសន្តិសុខ ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរ

*ទី២៖ ត្រូវពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ឆាប់រហ័ស តម្លាភាព គណនេយ្យភាព ប្រកបដោយគុណធម៌វិជ្ជាជីវៈ

*ទី៣៖ បន្តអនុវត្តនូវ តួនាទី ភារកិច្ច តាមវិស័យដែលខ្លួនទទួល ខុសត្រូវឱ្យបានសម្រេចទៅតាមផែនការដែលបានកំណត់

*ទី៤៖ មន្ត្រីគ្រប់ថ្នាក់ គ្រប់ផ្នែកត្រូវខិតខំសិក្សារៀនសូត្របន្ថែម ដើម្បីលើកម្ពស់សមត្ថភាពរបស់ខ្លួន ទាំងសមត្ថភាពជំនាញបច្ចេកទេស ជំនាញការងាររដ្ឋបាល ឱ្យសមស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តោតជាសំខាន់ទៅលើវិស័យជាអាទិភាពទាំង៥រួមមាន៖ ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕