(បន្ទាយមានជ័យ)៖ លោក ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបការងារលទ្ធផលអនុវត្តគោលនយោបាយ ដល់ ភូមិ-ឃុំ-សង្កាត់ ប៉ុស្តិ៍នគរបាលមានសុវត្ថិភាព ២០២៣លើកទិសដៅ ឆ្នាំ២០២៤។

កិច្ចប្រជុំនេះបានធ្វើឡើងនាល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត, ឧត្តមសេនីយ៍ ទោ សិទ្ធិឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ មន្ត្រីអាវុធហត្ថ អភិបាលស្រុក ក្រុង មេឃុំចៅសង្កាត់ មេប៉ុស្តិ៍និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

លោក អ៊ុំ រាត្រី បានផ្តល់នូវអនុសាសន៍មួយចំនួនដល់អភិបាលស្រុក ក្រុង មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍ថា ដើម្បីធ្វើការពិនិត្យពិចារណាយកទៅអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពនោះ បន្តពង្រឹង និងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ការទទួលខុសត្រូវ និងយកប្រយោជន៍ជាតិជាធំ ដោយមានកិច្ចសហការល្អ ប្រទាក់ក្រឡាជាមួយអាជ្ញាធរដែនដី ស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ សាធារណៈ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ស្រុក ក្រុង មេឃុំចៅសង្កាត់ មេប៉ុស្តិ៍ត្រូវខិតខំលើកកម្ពស់ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈនៅទូទាំងខេត្ត ដោយជំរុញការផ្សព្វផ្សាយនូវលក្ខណៈសម្បត្តិ នៃគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព តាមរយៈ ការចលនា មន្រ្តីរាជការគ្រប់ៗរូប ផ្នែកឯកជន អង្គការ សង្គមស៊ីវិល សាធារណជនឱ្យចូលរួមអនុវត្ត និងសហការឱ្យបានទូលំទូលាយ និងសស្រាក់សស្រាំនៅទូទាំងខេត្ត។

លោកបានបន្តថា កងកម្លាំងនគរបាល ដែលជាមន្រ្តីអនុវត្តច្បាប់ទាំងអស់ ត្រូវខិតខំលើកកម្ពស់សមត្ថភាព ជំនាញ និងសីលធម៌វិជ្ជាជីវៈ ដោយមានភាពស្អាតស្អំ ព្រមទាំងខិតខំ ប្រឹងប្រែងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងមានយុត្តិធម៌ផង។

លោក អ៊ុំ រាត្រី បានបន្ថែមថា ស្រុក ក្រុង មេឃុំចៅសង្កាត់ មេប៉ុស្តិ៍ ត្រូវចូលរួមអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសនានាជាអាទិ៍ បទល្មើសព្រហ្មទណ្ឌ ការជួញដូរមនុស្ស ក្មេងទំនើង ការផលិត ចរាចរណ៍ ប្រើប្រាស់ រក្សាទុកគ្រឿងញឿនគ្រប់ប្រភេទ ល្បែងស៊ីសងជាដើម ។

ក្នុងនោះលោកអភិបាលខេត្ត បានជំរុញស្រុក ក្រុង មេឃុំចៅសង្កាត់ មេប៉ុស្តិ៍ ត្រូវបន្តផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានរហ័ស តម្លាភាព ប្រសិទ្ធភាព ជាអាទិ៍ ការផ្តល់សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ បន្តជំរុញ សកម្មភាពក្នុងការធ្វើ និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋ ដែលនៅសេសសល់ និងហួសសុពលភាពឱ្យបានគ្រប់ៗគ្នា ជៀសវាងទង្វើ អសកម្មណាមួយដែលបង្កឱ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោក ផាន់ ចាន់ធុល បានលើកឡើងថា សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ គឺជាកត្តាគន្លឹះដែលផ្ដល់ភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យនានាទៀតមានការរីកចម្រើន ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់ថា ដើម្បីរក្សាបាននូវ សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺចាំបាច់បំផុតកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលជាសសរទ្រូង នៃប្រទេសជាតិក្នុង ត្រូវការកសាង ការការពារ និងអភិវឌ្ឍន៍ប្រទេស ដូច្នេះកងកម្លាំងត្រូវតែជាធនធាន ប្រកបដោយកាយសម្បទាល្អមាំមួន មានក្រមសីលធម៌ មានសេចក្ដីថ្លៃថ្នូរ និងត្រូវម៉ឺងម៉ាត់ជាដាចខាត ស័ក្តិសមជាកូនរបស់ប្រជាពលរដ្ឋ សម្រាប់បម្រើប្រជាពលរដ្ឋ ដែលទាមទារជាចាំបាច់នូវការអនុវត្ដយ៉ាងម៉ឺងម៉ាត់រាល់លិខិតបទដ្ឋានគតិយុត្តិ ផែនការ បទបញ្ជាតាមឋានានុក្រមគ្រប់ជាន់ថ្នាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោកបានបញ្ជាក់ថា ទាំងនេះជាភារកិច្ចរបស់កងកម្លាំងនគរបាល ដែលជាកម្លាំងស្នូលក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ដើម្បីសេចក្ដីសុខក្សេមក្សាន្ដរបស់ប្រជាពលរដ្ឋ និងជាកម្លាំងអន្ដរាគមន៍ ពេលមានគ្រោះមហន្តរាយ និងកិច្ចការសង្គមផ្សេងៗ ដូចជា ការជួយពន្លត់អគ្គិភ័យ គ្រោះទឹកជំនន់ ខ្យល់ព្យុះ និងសកម្មភាពជាយថាហេតុនានាផងដែរ៕