(បាត់ដំបង)៖ លោក ម៉ិល សុផល ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានបន្តសហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំកម្លាំងចម្រុះ និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះបង្រ្កាបបទល្មើសនេសាទក្នុងតំបន់ហាមឃាត់នៅទីតាំង ធនធានធម្មជាតិ ក្នុងភូមិសាស្ត្រចំណុចអូរអាវែង, បណ្តែតគល់ , អន្លង់បី និងអូរពាក់កន្ទេល(អតីតឡូត៍នេសាទលេខ២) ក្មុងតំបន់រ៉ាមសាបស្ថិតក្នុងភូមិព្រែកទាល់ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ប្រតិបត្តិការនេះធ្វើឡើងដោយមានបទបញ្ជាបន្ថែមពីលោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្តបាត់ដំបង និងមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត។

លោក ម៉ិល សុផល បានបញ្ជាក់ថា សកម្មភាព និងមធធ្យោបាយដែលប្រើប្រាស់អនុវត្តដោយការចូលរួមមាន៖ ប្រើប្រាស់កម្លាំង ៥២នាក់ (រដ្ឋបាលស្រុកឯកភ្នំ, ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត, ភូមិភាគ៥, សឹករងខេត្ត, ស៊ើបការមណ្ឌល៥, បរិស្ថាន, ជលផល សហគមន៍នេសាទ) មធ្យោបាយកាណូត ១៥គ្រឿង(ធំ២គ្រឿង និងតូច១៣គ្រឿង), នេសាទជាលក្ខណៈសិប្បកម្មក្នុងកន្លែងអភិរក្សជលផល (មានចំនួន០៤ករណី)។

ជាលទ្ធផលកម្លាំងចម្រុះបានបង្រ្កាប និងកាប់បំផ្លាញចោលរួមមាន៖ សាច់មងប្រវែង ៤,២០០ ម៉ែត្រ, បង្គោលចំនួន ១,១០០ដើម, ឡុកចំនួន១០កន្លែង និងព្រលែងត្រីចម្រុះប្រមាណ ១៥០ គីឡូក្រាម៕