(រតនគិរី)៖ ក្រុមគ្រួសារជនរងគ្រោះ ដែលស្លាប់យ៉ាងអាណោចអាធ័ម ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត១គ្រឿង បើកក្នុងល្បឿនលឿនស្របទិសគ្នាបុកពីក្រោយពេញទំហឹងបណ្តាលឱ្យរបួសធ្ងន់ និងបានស្លាប់ពេលក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខេត្តរតនគិរី បានទទូចដល់ថ្នាក់ដឹកនាំជួយរកយុត្តិធម៌ ខណៈបន្សល់កូនតូចៗនាក់ ឲ្យនៅកំព្រា។

ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ លោក នៅ សុខខេង និងអ្នកស្រី ហេង សេងហ៊ន់ បានរៀបរាប់ថា ពួកគាត់បានបាត់បង់កូនប្រុសជាទីស្រឡាញ់ ដោយសារតែរថយន្តបុកពីក្រោយពេញទំហឹងបណ្តាលឱ្យមនុស្សម្នាក់របួសធ្ងន់ រួចរថយន្តបង្កបង្កើនល្បឿនបើករត់គេចបាត់។

សូមរម្លឹកថា កាលពីវេលាម៉ោង ១៩៖១២នាទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣កន្លង ទៅមានករណីរគ្រោះថ្នាក់ចរាចរណ៍មួយលើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង ខណៈជនរងគ្រោះជិះម៉ូតូ ពីក្រោយអ្នកឌុបម្នាក់ ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមានរថយន្ត១គ្រឿងបើកក្នុងល្បឿនលឿនស្របទិសគ្នា បុកពីក្រោយពេញទំហឹងបណ្តាលឱ្យរបួសធ្ងន់មិនឈប់ជួយអន្តរាគមន៍ដឹកទៅមន្ទីរពេទ្យតែបើកគេចបាត់។ ជនរងគ្រោះបានស្លាប់ពេលក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តរតនគិរី។

បើតាមការរៀបរាប់ពីលោក នៅ សុខហេង និងលោកស្រី ហេង សេងហ៊ន់, កូនគាត់ឈ្មោះ អ៊ុន គឹមសួរ អាយុ២៤ឆ្នាំ មានប្រពន្ធ និងកូនតូចចំនួន២នាក់ ស្នាក់នៅផ្ទះជួលនៅភូមិថ្មី សង្កាត់ជ័យជំនះ ក្រុងបានលុង។

លោកទាំងពីរបានបន្តថា «គិតចាប់ថ្ងៃកូនគាត់ស្លាប់រហូតមកពេលនេះមានរយៈពេលជិត៣ខែហើយ នៅតែគ្មានពន្លឺយុត្តិធ៌ម នៅឡើយទេ, គាត់បានទៅជួបមន្ត្រីនគរបាលចរាចរណ៍ជាច្រើនដង ប៉ុន្តែមន្ត្រីទាំងនោះហាក់បីដូចជា មិនសូវយកចិត្តទុកដាក់ជាមួយគាត់ទេ ពេលជួបកូនចៅរុញឱ្យជួបមេ ពេលសួរមេរុញឱ្យជួបកូនចៅវិញពោល គឺដោះសារយករួចខ្លួន»

លោក នៅ សុខហេង និងលោកស្រី ហេង សេងហ៊ន់ បានបញ្ជាក់ថា ទោះបីនៅកន្លែងកើតហេតុបន្សល់ទុកគ្រឿងរថយន្តបង្កជ្រុះរាយប៉ាយបន្សល់ទុកជាភស្តុតាង និងមានកាំម៉ារ៉ាសុវត្ថិភាពការ៉ាស់សាំងមួយកន្លែង ក្បែរកន្លែងកើតហេតុឃើញរូបភាពរថយន្តបង្កបង្កើនល្បឿនលឿនដូចហោះរត់គេចយ៉ាងណាក៏ដោយនៅតែសមត្ថកិច្ចស្រាវជ្រាវរកមិនឃើញដែរ។ ដោយសារតែពួកគាត់រំអុកសមត្ថកិច្ចខ្លាំងពេកទើប កន្លងទៅថ្មីៗនេះខាងនគរបាលចរាចរណ៍បានបញ្ជូនសំណុំរឿងទៅតុលាការហើយ។

ដោយអស់សង្ឃឹមនឹងសមត្ថកិច្ចថ្នាក់ក្រោមពួកគាត់ជាអាណាព្យាបាលលើកម្រាមដៃ១០ សំណូមពរថ្នាក់លើមេត្តាជួយអន្តរាគមន៍ស្រាវជ្រាវស្វែងរកជនបង្កគ្រោះថ្នាក់ ចរាចរណ៍បណ្តាលឱ្យកូនគាត់ស្លាប់មកផ្តន្ទាទោស តាមច្បាប់ដើម្បីផ្តល់ភាពយុត្តិធម៌។

ទាក់ទិនទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់ម្នាក់មានរយៈពេលជិត៣ខែ ហើយគ្រួសារជនរងគ្រោះមិនទាន់ទទួលបានពន្លឺយុត្តិធ៌មនេះដែរ, នៅព្រឹកថ្ងៃដដែលនេះ លោកវរសេនីយ៍ឯក ម៉ា សំអាត នាយការិយាល័យចរាចរណ៍ នៃស្នងការនគរបាលខេត្តរតនគិរី បានឱ្យដឹងថា សំណុំរឿងនេះបានបញ្ជូនទៅតុលាការហើយ។

ដោយឡែកលោក កែវ ភក្តី អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី បានបញ្ជាក់យ៉ាងខ្លីថា មន្ត្រីនគរបាលទើបតែបញ្ជូនសំណុំរឿងមកក្នុងខែធ្នូ ឆ្នាំ២០២៣នេះទេ ឥលូវនេះសំណុំរឿងកំពុងក្នុងដៃលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ជាអ្នកចាត់ការ៕