(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌសែនសុខ បានចេញសេចក្តីប្រកាសព័ត៌មានដោយធ្វើការបដិសេធចំពោះខ្លឹមសារដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយថា មានករណីប្រជាពលរដ្ឋមកស្នើ សុំសេវា ដោយទារយកកម្រៃលើសពីការកំណត់នៃច្បាប់។

ការចេញប្រកាសព័ត៌មានខាងលើនេះ ដើម្បីឆ្លើយតបការផ្សព្វផ្សាយពីការយកសម្រៃសេវាពីការស្នើសុំសេវានីត្យានុកូលកម្មលើវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិរបស់ប្រជាពលរដ្ឋ។

បើតាមរដ្ឋបាលខណ្ឌសែនសុខ ចំពោះការស្នើសុំនេះ ពលរដ្ឋខាងលើបានទៅពឹងពាក់មន្រ្តីជាប់កិច្ចសន្យា ដោយមិនបានមកបញ្ជាក់នៅច្រកចេញចូលតែមួយរបស់សាលាខណ្ឌ។

ដើម្បីចៀសវាងកុំឲ្យមានការភ័ន្តច្រឡំមកលើការងារផ្តល់សេវារបស់ការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលខណ្ឌ អភិបាលខណ្ឌ សូមឲ្យសាធារណជន មេត្តាឈប់បន្តផ្សព្វផ្សាយវីដេអូដែលមានខ្លឹមសារខាងលើ ព្រោះវាធ្វើអោយប៉ះពាល់ដល់ការ បំពេញភារកិច្ចត្រឹមត្រូវរបស់មន្ត្រី នៃការិយាល័យច្រកចេញចូលតែមួយ ព្រមទាំងពាក់ព័ន្ធដល់ផ្លូវច្បាប់ផងដែរ។

ទន្ទឹមនឹងនេះ ដើម្បីចៀសវាង និងបង្ការកុំឲ្យមានបញ្ហាដូចខាងលើកើតឡើងបន្តទៀត សូមបងប្អូនប្រជាពលរដ្ឋ ដែលមានតម្រូវការប្រើប្រាស់សេវារដ្ឋបាល កុំពឹងពាក់អ្នករត់ការ សូមអញ្ជើញមកដោយផ្ទាល់ ជួប ជាមួយមន្ត្រីនៃការិយាល័យច្រកចេញតែមួយរបស់រដ្ឋបាលខណ្ឌ ដែលជាកន្លែងផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ៕