(ព្រះសីហនុ)៖ គ្រឿងញៀនឆ្លងដែន (ចូលពីឡាវមកកម្ពុជា) ប្រមាណ២០គីឡូក្រាម និងជនជាតិវៀតណាម២នាក់ ត្រូវមន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបបាននៅចំណុចមុខសណ្ឋាគារ មួយកន្លែងនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ការចុះបង្ក្រាបនេះ ដោយកម្លាំងជំនាញ (ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដឹកនាំសម្របសម្រួលលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២០៖៣០នាទី។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ២នាក់៖ ឈ្មោះ LO TUAN HANH ឬ TRAN TUAN THANH ភេទប្រុស ជនជាតិវៀតណាម កើត ២៦/១០/១៩៦០ កាន់លិខិតឆ្លងដែនលេខ C5968845 និងឈ្មោះ CHUNG DUONE ភេទប្រុស ជនជាតិវៀតណាម កើត ២៤/១២/១៩៨០ កាន់លិខិតឆ្លងដែនលេខ C8603967។ ចាប់យកវត្ថុតាង៖ សារធាតុញៀនហេរ៉ូអ៊ិន (HEROIN) ៦០ដុំ ស្មើទម្ងន់ ២០គីឡូក្រាម។
ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសហនុ តាមនីតិវិធី។

សូមជម្រាបថា នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងណែនាំឱ្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការបោសសម្អាតឧក្រិដ្ឋជន គ្រឿងញៀនឲ្យអស់។

ដោយទទួលបានបទបញ្ជានេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តថានឹងចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម និងបង្ក្រាបឱ្យដល់ឫសគល់។

ជាក់ស្តែងរយៈពេលចុងក្រោយនេះ ករណីជួញដូរគ្រឿងញៀនធំៗ ជាច្រើនត្រូវបានបង្ក្រាប ជាមួយនឹងឧក្រិដ្ឋជនជាច្រើននាក់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ៕