(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងអនុញ្ញាតឱ្យតែ ជនបរទេសស្របច្បាប់ ហើយមានសញ្ជាតិខ្មែរត្រឹមត្រូវទេ ទើបអាចបោះឆ្នោតក្នុងប្រទេសកម្ពុជាបាន ឯជនបរទេសខុសច្បាប់ មិនអនុញ្ញាតឱ្យចុះឈ្មោះ និងបោះឆ្នោតបានដាច់ខាត។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។
ថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ លោក ហង្ស ពុទ្ធា បានឱ្យដឹងថា គ.ជ.ប ចូលរួមសាទរជាមួយគណបក្សនយោបាយទាំងឡាយណា ដែលមានការព្រួយបារម្ភពីបញ្ហាចុះឈ្មោះបោះឆ្នោតនេះ តែក្នុងនាមជាអាជ្ញាធរ គ.ជ.ប បានគិតគូខ្លាំងណាស់ ក្នុងការអនុវត្តច្បាប់ស្ដីពីការបោះឆ្នោត និងការអនុវត្តច្បាប់អន្តោប្រវេសន៍។
លោកថា «មានតែជនបរទេសស្របច្បាប់ទេ ទើបអាចបោះឆ្នោតក្នុងប្រទេសកម្ពុជាបាន ហើយ គ.ជ.ប បានពង្រឹងសកម្មភាពនេះ យ៉ាងពេញទំហឹង មិនអនុញ្ញាតឱ្យជនបរទេសខុសច្បាប់ណា មកចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតបានជាដាច់ខាត»។
សូមបញ្ជាក់ថា ការអនុញ្ញាតឱ្យជនបរទេសអាចចុះឈ្មោះបោះឆ្នោត នៅកម្ពុជា ត្រូវបានប្រឆាំងដោយគណបក្សអំណាចខ្មែរ។ ជាក់ស្តែង កាលពីម្សិលមិញ គណបក្សអំណាចខ្មែរ បានចេញលិខិតចំហរមួយ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ រារាំងដល់ជនជាតិវៀតណាម ដែលមានអត្តសញ្ញាណបណ្ណជាតិខ្មែរ អាចចុះឈ្មោះបោះឆ្នោត។
លិខិតចំហររបស់គណបក្សអំណាចខ្មែរ ដែលដឹកនាំដោយ លោក សួន សេរីរដ្ឋា បានសរសេរថា «សូមពលរដ្ឋខ្មែរអ្នកស្នេហាជាតិគ្រប់និន្នាការ គណបក្សនយោបាយ កុំខ្លាច ! ហើយទាំងអស់គ្នាត្រូវហ៊ាន ចូលរួមចលនាសកម្មភាពទប់ស្កាត់ និងរារាំងពួកជនជាតិយួន (វៀតណាម) ឈ្លានពានទាំងអស់ កុំឱ្យពួកនេះចូលមកចុះឈ្មោះ បោះឆ្នោតបានឱ្យសោះ»៕
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប