(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ក្នុងឱកាសនោះ លោក ប្រាក់ សំអឿន បានបញ្ជាក់ថា នៅឆ្នាំ២០២៤នេះ ជាឆ្នាំទី១ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឲ្យក្លាយជារដ្ឋបាលសាធារណៈ ទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
លោកបានជំរុញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវអនុវត្តការងារលើកិច្ចការពារសន្តិភាព និងការពង្រឹងខឿនសន្តិសុខជាតិ ឲ្យបានរឹងមាំ។ កងកម្លាំងមានសមត្ថកិច្ចជាស្នូល និងជាបង្អែករបស់ប្រជាជន ត្រូវខិតខំលើកកម្ពស់ ប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បទល្មើសបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន ខុសច្បាប់ និងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ព្រមទាំងប្រឆាំងរាល់សកម្មភាពដែលប៉ុនប៉ង បង្កនូវអសន្តិសុខក្នុងសង្គម និងការផ្សព្វផ្សាយពត៌មានមិនពិត ឬតាមបណ្តាញសង្គម។
ត្រូវរក្សាស្ថិរភាពសន្តិសុខផ្ទៃក្នុង ធានាប្រក្រតីភាពស្ថាប័នជាតិ ធានាសុវត្ថិភាពជូនឥស្សរជនជាន់ខ្ពស់ជាតិ និងអន្តរជាតិ ព្រមទាំងព្រឹត្តិការណ៍នយោបាយជាតិ តំបន់ និងអន្តរជាតិដែលរៀបចំឡើងនៅកម្ពុជា ពិសេសការដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤នាពេលខាងមុខ។
បន្ថែមពីនេះ លោក ប្រាក់ សំអឿន បានក្រើនរំលឹកឲ្យត្រូវទប់ស្កាត់ការបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ ឬការបង្កើតតំបន់អប្បគមន៍ ព្រមទាំងប្រឆាំងរាល់ឧបាយកលសកម្មភាព នៃការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ត្រូវគិតគូរពីវិធានការ និងមធ្យោបាយនានា ក្នុងការបង្ការ និងពន្លត់អគ្គិភ័យ ជាពិសេសនៅតាមសំណង់អាគារខ្ពស់ៗ រោងចក្រ សហគ្រាស ផ្សារ និងផ្ទះសំបែងប្រជាពលរដ្ឋ។
លោក ប្រាក់ សំអឿន បាបបន្តជំរុញចលនាអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ រដ្ឋបាលរាជធានីភ្នំពេញត្រូវយកចិត្តទុក្ខដាក់ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកកម្សាន្ដនៅរាជធានីភ្នំពេញ ពិសេសទីតាំងនានា ដែលរៀបចំព្រឹត្តិការណ៍ និងការប្រគុំតន្ត្រី សិល្បៈឲ្យមានភាពសប្បាយរីករាយ និងប្រកបដោយសុវត្ថិភាព។ និងបន្ដទប់ស្កាត់ និងបង្ក្រាបបទល្មើស លួច ឆក់ ប្លន់ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ ល្បែង ស៊ីសងខុសច្បាប់ ការជួញដូរមនុស្សតាមគ្រប់ទម្រង់ ការជំរិតទារប្រាក់ បទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងសកម្មភាពក្មេងទំនើងជាដើម។
ផ្អែកតាមផែនការយុទ្ធសាស្ត្រទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក លោករដ្ឋលេខាធិការ បានជំរុញដល់កងកម្លាំងនគរបាលចរាចរណ៍ ត្រូវពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់។ បន្តពង្រឹងទាំងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ តាមរយៈការពង្រឹង និងកែលម្អស្ថាប័នសាធារណៈនៅគ្រប់ថ្នាក់ឲ្យក្លាយ ជារដ្ឋបាលទំនើប មានសមត្ថភាព និងស្អាតស្អំ។
លោក ប្រាក់ សំអឿន បានស្នើថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងការប្រឡងជ្រើសរើសមន្ត្រីរាជការ ការគ្រប់គ្រង និងចាត់ចែងមន្ត្រីរាជការ ការដំឡើងថ្នាក់ ឋានន្តរស័ក្ត និងការតែងតាំងមុខតំណែង ត្រូវតែមានតម្លាភាព និងគណនេយ្យភាព មិនបក្សពួកនិយម និងគ្រួសារនិយមនោះឡើយ។ ផ្តល់ការលើកទឹកចិត្តដល់មន្ត្រីដែលខិតខំបំពេញការងារបានល្អ មានសមត្ថភាពមានស្នាដៃ និងជំរុញការបណ្តុះបណ្តាលជំនាញ និងកសាងសមត្ថភាពដល់មន្ត្រីរាជការ ឲ្យសមស្របទៅនឹងការវិវត្តនៃការងារ និងបច្ចេកវិទ្យាឌីជីថល។
សូមជម្រាបថា លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា នៅថ្ងៃបើកអង្គសន្និបាត ដើម្បីទទួលបានធាតុចូលកាន់តែមានភាពសុក្រឹត និងច្បាស់លាស់ អង្គសន្និបាត បានប្រើប្រាស់វិធីសាស្ត្របែងចែកក្រុមពិភាក្សា ក្នុងគោលបំណងទទួលបានធាតុចូលកាន់តែច្បាស់លាស់ ដោយផ្តោតជាសំខាន់ទៅលើប្រធានបទចំនួន៤។ ទន្ទឹមនឹងនេះ អង្គសន្និបាតទាំងមូល បានប្ដេជ្ញាចិត្តរួមគ្នា ដើម្បីពុះពារជម្នះគ្រប់ឧបសគ្គ ដោះស្រាយរាល់បញ្ហាប្រឈម ដែលអាចកើតមាន និងបានឯកភាពទៅលើទិសដៅអនុវត្តការងាររបស់រដ្ឋបាលរាជធានី ភ្នំពេញឆ្នាំ២០២៤។
នាពេលបច្ចុប្បន្ន ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈយន្តការច្រកចេញ-ចូលតែមួយ បានដំណើរការទៅដោយរលូន និងទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ។ ជាក់ស្តែង ក្នុងឆ្នាំ២០២៣នេះ អង្គភាពច្រកចេញ-ចូលតែមួយរាជធានីភ្នំពេញ បានផ្តល់សេវាសាធារណៈសរុបចំនួន ៦៥.៦៩៨សេវា ពោលគឺជាមធ្យមមានប្រជាពលរដ្ឋ មកសុំសេវាពីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន១៨០សេវាក្នុងមួយថ្ងៃ និងទទួលបានចំណូលថវិការដ្ឋ ចំនួនជិត២៧ពាន់លានរៀល ឬស្មើនឹងប្រមាណ ៦,៥៨លានដុល្លារអាមេរិក។
ចំពោះមុខដើម្បីបង្ខិតសេវាសាធារណៈឲ្យកាន់តែកៀកជិតប្រជាពលរដ្ឌ អង្គសន្និបាតបានស្នើសុំគោលការណ៍ ដឹកនាំពីក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប និងក្រសួង ស្ថាប័នថ្នាក់ជាតិ ដើម្បីពិនិត្យសំណើ សំណូមពរ លើការសម្របសម្រួលជាមួយអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីពន្លឿន ការផ្ទេរសេវា ដែលនៅសេសសល់មកឲ្យអង្គភាពច្រកចេញចូល តែមួយរាជធានីភ្នំពេញ, ស្នើសុំកែសម្រួលទម្រង់បែបបទ នៃការស្នើសុំសេវាឲ្យមានលក្ខណៈសាមញ្ញ កាត់បន្ថយនូវសំណុំ ឯកសារភ្ជាប់ដែលមិនចាំបាច់, គាំទ្រផ្នែករដ្ឋបាល បច្ចេកទេស និងពង្រីកវិសាលភាព នៃការផ្តល់សេវាតាមប្រព័ន្ធអនឡាញ ដើម្បីឆ្លើយតបទៅនឹងអាទិភាពគន្លឹះទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺ បច្ចេកវិទ្យាឌីជីថល។
ដើម្បីធានាការអនុវត្ត កម្មវិធីជាតិ មានលក្ខណៈប្រក្រតី អចិន្ត្រៃយ៍ និងជាទម្រសម្រាប់បន្តជួយទ្រទ្រង់ជីវភាពគ្រួសារក្រីក្រ និងសមាជិកគ្រួសារជាជនងាយ រងគ្រោះ អង្គសន្និបាត បានតម្រង់ទិសដល់មន្ទីរ-អង្គភាពជំនាញ អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រតិបត្តិករអនុវត្តកម្មវិធីទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តដោយ តម្លាភាព សុច្ចរិតភាព និងការទទួលខុសត្រូវខ្ពស់។
អង្គសន្និបាត បានលើកទឹកចិត្ត និងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះរដ្ឋបាលខណ្ឌទាំង១៤ ដែលមាន ការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌ ធ្វើជាសេនាធិការ ត្រូវខិតខំកែលម្អការផ្តល់សេវាអប់រំ ក្នុងដែនសមត្ថកិច្ច ឱ្យបាន ល្អប្រសើរ តាមរយៈកិច្ចសហការល្អជាមួយកងកម្លាំងប្រដាប់អាវុធ ដើម្បីឈានទៅលុបបំបាត់ក្រុមក្មេងទំនើង បងតូចបងធំ និងបញ្ហាគ្រឿងញៀនក្នុងសាលារៀន។
នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ អង្គសន្និបាតទាំងមូល ក៏បានកំណត់ទិសដៅ ភារកិច្ច និងការទទួលខុសត្រូវរួមគ្នា ក្នុងការត្រៀមលក្ខណៈលើការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយសង្គម ចំពោះព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវទទួលបន្ទុករាប់រងនៅ រាជធានីភ្នំពេញ និងការត្រៀមលក្ខណៈចូលរួមសហការអនុវត្តកិច្ចការ សំខាន់ៗ សម្រាប់គាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង- ស្រុក-ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុននេះ៕