(ភ្នំពេញ)៖ លោក ធាម ចន្ទ័ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំេពេញ បានសម្រេចបង្គាប់ឲ្យឃុំខ្លួនក្រុមជនដៃដល់ ចំនួន០៤នាក់ ពាក់ព័ន្ធយកដាវ ពូថៅកាប់ប្រហារលើជនរងគ្រោះ ប្រព្រឹត្តនៅខេត្តកណ្តាល និងរាជធានីភ្នំពេញ។

ក្នុងនោះ លោកចៅក្រមសម្រេចឃុំជនដែដល់ជាអនីតិជនម្នាក់ ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) និង៣នាក់ទៀតដាក់ពន្ធនាគារព្រៃស (ម១) ដើម្បីរងចាំទទួលការជំនុំជម្រះទោសនៅពេលក្រោយ។

ការឃុំខ្លួនជនដៃដល់ទាំង៤នាក់ខាងលើ គឺធ្វើឡើងបន្ទាប់ពី លោក សំម រិទ្ធីវាសនា ព្រះរាជអាជ្ញារង បាទចោទប្រកាន់លើក្រុមជនដៃដល់ ពីបទ «ហិង្សាដោយមានស្ថានទម្ងន់ទោស​» និងបទ «ប៉ុនប៉ងឃាតកម្ម» តាមមាត្រា​២១៨, មាត្រា​២៧​ និងមាត្រា​១៩៩​ នៃក្រមព្រហ្មទណ្ឌ​។ នេះបើតាមលោក ប្លង់ សុផល អ្នកនាំពាក្យស្ថាប័នអយ្យការ បានបញ្ជាក់ប្រាប់អ្នករាយការណ៍ ព័ត៌មានអង្គភាព Fresh News ប្រចាំសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។

ពាក់ព័ន្ធករណីនេះ របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់ ដែលមានការពាក់ព័ន្ធប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដាវចំនួន៣ដើម និងពូថៅចំនួន១ដើម ព្រួតគ្នាកាប់លើជនរងគ្រោះបណ្តាលឲ្យរងរបួស) ចំនួន២ករណី បញ្ជូនមការិយាល័យដើម្បីសាកសួរតាមនីតិវិធី។

*ករណីទី១៖ ប្រព្រឹត្តនៅចំណុចមាត់ទន្លេ ផ្លូវទន្លេសាប ក្រុម៧ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ ជនរងគ្រោះមានឈ្មោះ ផល ចាន់វីស អាយុ១៩ឆ្នាំ។

*ករណីទី២៖ ប្រព្រឹត្តនៅចំណុចផ្លូវលេខ២១ កែងផ្លូវលេខ១១០ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ ជនរងគ្រោះឈ្មោះ ភាព មករា អាយុ១៦ឆ្នាំ និងឈ្មោះ ជឹម បញ្ញា អាយុ២០ឆ្នាំ។

ដោយឡែក ជនដៃដល់ទាំង៤នាក់ រួមមាន ទី១៖ឈ្មោះ ហឿន ប៊ុនលាភ អាយុ១៨ឆ្នាំ, ទី២៖ឈ្មោះ ហ៊ុន វិសាល អាយុ១៨ឆ្នាំ, ទី៣៖ឈ្មោះ ធី ម៉ា ហៅ ឡា អាយុ១៨ឆ្នាំ និងទី៤៖ឈ្មោះ នូ សុបញ្ញា អាយុ១៧ឆ្នាំ៕