(ភ្នំពេញ)៖ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ បានសហការ ជាមួយមជ្ឈមណ្ឌល ជាតិផ្តល់ឈាមនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៦នេះ រៀបចំធ្វើពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «ចែករំលែកជីវិត សូមបរិច្ចាគឈាម» ដែលនេះគឺជាផ្នែកមួយ នៃការងារមនុស្សធម៌ ដើម្បីយកទៅជួយសង្គ្រោះដល់ជនដែល ងាយរងគ្រោះ និងជនរងគ្រោះដោយសារគ្រោះថ្នាក់ផ្សេងៗ ដែលកំពុងត្រូវការឈាមជាចាំបាច់ ក្នុងការសង្គ្រោះអាយុជីវិតរបស់ពួកគេ។
ពិធីនេះបានប្រព្រឹត្តឡើង នៅក្នុងសាលប្រជុំធំ សាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញក្រោមវត្តមានលោក ហែម ដារិទ្ធិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហម និងជាអភិបាលខណ្ឌពោធិ៍សែនជ័យ និងមានការអញ្ជើញចូលរួមពីសំណាក់លោក ហុក គីមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងលោកវេជ្ជបណ្ឌិត យស សុផានីត្តា អនុប្រធានកិត្តយស សាខាកាកបាទក្រហមរាជធានីភ្នំពេញ រួមជាមួយមន្រ្តីរាជាការសាលាខណ្ឌ និងក្រុមយុវជនខណ្ឌពោធិ៍សែនជ័យ ជាច្រើនរូបទៀត។ លោក ហែម ដារិទ្ធិ បានឲ្យដឹងថា ពិធីនោះធ្វើឡើងក្រោមប្រធានបទ «ចែករំលែកជីវិត សូមបរិច្ចាគឈាម» ហើយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ត្រូវការឈាមដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ ក្នុង១ថ្ងៃៗចំនួន១៥០ប្លោក ដែលឈាមទាំងនោះបានមកពីសប្បុរសជន ដែលបានស្ម័គ្រចិត្តបរិច្ចាគ នៅទូទាំងប្រទេសជូនដល់មជ្ឈមណ្ឌល។ ដូចនេះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានស្មារតីខ្ពស់ ក្នុងការបរិច្ចាគឈាម ជូនដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដូចពាក្យស្លោកថា «បរិច្ចាគឈាមគឺសង្គ្រោះជីវិត ផ្ដល់ឈាមគឺផ្ដល់ក្ដីស្រឡាញ់»។
លោក ហែម ដារិទ្ធិ បន្តទៀតថា ដោយឡែកថ្ងៃនេះយើងបានទទួលឈាម ពីការចូលរួមបរិច្ចាគ របស់មន្រ្តីរាជការសាលាខណ្ឌ ក្រុមយុវជនខណ្ឌរួមជាមួយសប្បុរសជននានាផងចំនួន៣៦ប្លោក ហើយការបរិច្ចាគឈាមនេះមាន សារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយសង្គ្រោះជីវិតមនុស្ស ដែលឈាមត្រូវតែមានជាប់ជាប្រចាំមិនអាចខ្វះបានឡើយ។ ជាចុងក្រោយ លោកក៏បាន សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមបរិច្ចាគឈាមទាំងអស់គ្នាដោយការស្ម័គ្រចិត្តហើយអ្នកផ្ដល់ឈាមនិងបានបង្កើតគ្រាប់ឈាមថ្មីរបស់ ខ្លួនដែលធ្វើឲ្យសុខភាពរឹតតែ ប្រសើរឡើងជាងមុនថែមទៀត ហើយសង្គ្រោះបានជីវិតជនរងគ្រោះម្នាក់ទៀតផង៕