(បាងកក)៖ ភាគីកម្ពុជាបានស្នើភាគីថៃពង្រីកទស្សនកិច្ចសិក្សាមកកាន់គោលដៅទេសចរណ៍ឱ្យបានច្រើនបន្ថែមទៀត ពិសេសឱ្យមកដល់ខេត្តសៀមរាប និងបណ្ដាខេត្តភាគខាងកើតនិងភាគឦសាននៃប្រទេសកម្ពុជា ដើម្បីជំរុញចលនាទេសចរណ៍ផ្លូវគោករវាងប្រទេសទាំងពីរឱ្យកាន់តែមានសកម្មភាពច្រើនឡើង។

កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ថៃនេះ ធ្វើឡើងក្នុងឱកាសលោកស្រី ឆាយ ស៉ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) និងប្រតិភូសមាគម ទទួលបានការអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងភាក្សាការងារជាមួយលោកស្រី សុដាវណ្ណ វៀងសុភកិច្ចកុសល (Sudawan Wangsupakitkosol) រដ្ឋមន្ត្រីថ្មីនៃក្រសួងទេសចរណ៍និងកីឡាថៃ នាចុងខែធ្នូ ឆ្នាំ២០២៣នេះ នៅទីស្ដីក្រសួងក្រសួងទេសចរណ៍និងកីឡាថៃ ក្រុងបាងកក។

នាឱកាសនោះ លោកស្រី ឆាយ ស៉ីវលីន បានសម្ដែងនូវការអបអរសាទរចំពោះលោកស្រី សុដាវណ្ណ វៀងសុភកិច្ចកុសល ដែលត្រូវបានរាជរដ្ឋាភិបាលថៃផ្ដល់សេចក្ដីទុកចិត្តឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡា ហើយក៏បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយភាគីថៃ ក្នុងនាមតួអង្គមួយក្នុងឧស្សាហកម្មទេសចរណ៍នៃប្រទេសកម្ពុជា។

លោកស្រីប្រធានសមាគម CATA បានស្នើលោកស្រីរដ្ឋមន្ត្រីទេសចរណ៍ថៃសូមជួយសម្របសម្រួល និងជំរុញការផ្លាស់ប្ដូរទស្សនកិច្ចរបស់ភាគីថៃ ទាំងផ្នែករដ្ឋ និងវិស័យឯកជន មកកាន់គោលដៅទេសចរណ៍នានានៅកម្ពុជា ដើម្បីឱ្យវិស័យទេសចរណ៍ និងឧស្សាហកម្មទេសចរណ៍ប្រទេសទាំង២មានកិច្ចសហប្រតិបត្តិការកាន់តែល្អជាមួយគ្នា។

លោកស្រីប្រធានបានបន្តថា ដោយសារមើលឃើញថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិដែលមកកាន់កម្ពុជា ភ្ញៀវទេសចរថៃឈរលើលំដាប់កំពូលច្រើនជើងគេ ហើយភាគច្រើនគឺធ្វើដំណើរតាមផ្លូវគោក ប៉ុន្តែមិនបានមកដល់តំបន់ទេសចរណ៍ផ្សេងទៀតក្រៅពីគោលដៅជាប់ៗព្រំដែនកម្ពុជា-ថៃនោះឡើយ ពិសេសមិនសូវមានអ្នកមកដល់ខេត្តសៀមរាប និងបណ្ដាខេត្តនៅភាពខាងកើតនិងភាគឦសាននោះឡើយ ដូច្នេះភាគីកម្ពុជាក៏ចង់ជំរុញឱ្យមានការធ្វើដំណើរតាមផ្លូវគោកឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រករបៀងនៃប្រទេសទាំងពីរកាន់តែច្រើនឡើង។

លោកស្រី ឆាយ ស៉ីវលីន បានស្នើទៅកាន់លោកស្រីរដ្ឋមន្ត្រី សុដាវណ្ណ សូមបន្តផ្ដាំផ្ញើដល់សេនាធិការក្នុងវិស័យទេសចរណ៍នៃប្រទេសថៃ ធ្វើយ៉ាងណាបន្តកិច្ចសម្របសម្រួលនេះឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីឱ្យភ្ញៀវទេសចរដែលឆ្លងកាត់ប្រទេសទាំងពីរកាន់តែមានភាពកក់ក្ដៅនិងងាយស្រួល។

ជាមួយគ្នានោះ ភាគីកម្ពុជាក៏បានស្នើឱ្យមានការធ្វើបែបបទឯកសារឱ្យបានលឿនជាងមុន ព្រោះកន្លងមករាល់ការធ្វើដំណើរភ្ញៀវទេសចរពីប្រទេសកម្ពុជាទៅប្រទេសថៃ ត្រូវរង់ចាំរយៈពេលយូរបន្តិចដែរ ដូច្នេះក៏លោកស្រី ឆាយ ស៉ីវលីន បានស្នើដល់ក្រសួងទេសចរណ៍ថៃធ្វើយ៉ាងណាពន្លឿនឱ្យបានស្រួលជាងមុន ដើម្បីរក្សាភាពសប្បាយរីករាយរបស់ភ្ញៀវទេសចរ។

មិនតែប៉ុណ្ណោះ លោកស្រី ឆាយ ស៉ីវលីន ក៏នបន្តស្នើទៅកាន់លោកស្រីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ នៅពេលភាគីថៃផ្សព្វផ្សាយពីគោលដៅទេសចរណ៍ទន្លេចៅផ្រាយ៉ា (ចៅព្រះពញា) សូមបន្ថែមនូវការជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍បឹងទន្លេសាបរបស់កម្ពុជា ដើម្បីបង្កើនផលិតផលទេសចរណ៍កាន់តែច្រើនជូនភ្ញៀវទេសចរបរទេស។

ជាការឆ្លើយតប លោកស្រី សុដាវណ្ណ រដ្ឋមន្ត្រីទេសចរណ៍និងកីឡាថៃ បានទទួលយកសំណើទាំងអស់របស់ភាគីកម្ពុជា និងសន្យាសម្របសម្រួលជំរុញលើកិច្ចការទាំងឡាយនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែល្អបន្ថែមទៀតរវាងកម្ពុជា-ថៃ និងដើម្បីជំរុញចលនាទេសចរណ៍ឆ្លងកាត់ប្រទេសទាំងពីរប្រកបដោយភាពកក់ក្ដៅ ងាយស្រួល និងទទួលបានបទពិសោធន៍ល្អៗពីដំណើរកម្សាន្តរបស់ខ្លួន៕